ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ឱ្យអ្នកជំនាន់ក្រោយ រៀនសូត្រពីគំរូវីរភាព និងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់ថ្នាក់ដឹកនាំជំនាន់មុន

កំពង់ស្ពឺ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់ដល់យុវជនជំនាន់ក្រោយ ឱ្យរៀនសូត្រពីគំរូវីរភាព និងដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុន ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ជូនជាតិមាតុភូមិ ។

ថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខនិវត្តន៍ជន នៃមន្ទីរសុខាភិបាល និងមន្ទីរផែនការ ប្រមាណ២៥៣នាក់ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីគុណបំណាច់របស់យុទ្ធជន យុទ្ធនារីជា អ្នកស្នេហាជាតិជំនាន់មុនក្នុងការលៈបង់និងហ៊ានពលីគ្រប់បែបយ៉ាង ក្នុងបេសកកម្មរំដោះជាតិមាតុភូមិកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបាននាំកម្ពុជាឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ឯកឧត្តមថា ភាពជោគជ័យនៃការដឹកនាំប្រទេសពីបាតដៃទទេរហូតមកដល់បច្ចុប្បន្ន គឺកើតចេញពីឆន្ទៈ និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ។

ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានក្រើនរំលឹកដល់យុវជនជំនាន់ក្រោយឱ្យដឹងនូវគុណចំពោះបុព្វការីជន ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកបដោយវីរភាពនៅគ្រប់ដំណាក់កាលដើម្បីជាតិ មាតុភូមិ និងប្រជាជនខ្លួនឯង។ក្មេងជំនាន់ក្រោយ ត្រូវតែអភិរក្សន៍ ថែរក្សាកេរ្ត៍តំណែលដែលបន្សល់ទុកពីចាស់ព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំជំនាន់មុន(រក្សាចាស់ បង្កើតថ្មី) ត្រូវរៀនសូត្រពីគំរូនៃការដឹកនាំនេះ ហើយក្នុងនាមក្មេងៗជំនាន់ក្រោយ គ្មានសិទ្ធិទន់ជ្រាយទេចំពោះការការពារនិងអភិវឌ្ឍន៍ប្រទេសជាតិមួយនេះនោះទេ ត្រូវបន្តដឹកនាំឱ្យប្រទេសជាតិមានភាពលេចធ្លោលើឆាកអន្តរជាតិ ឱ្យអន្តរជាតិមើលឃើញថាកូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This