រថយន្តហាយឡែនឌ័រ ១គ្រឿង ទាល់តែឆេះទើបដឹងថាជារថយន្តដឹកឈើ

ឧត្តរមានជ័យ ៖ រថយន្តហាយឡែនឌ័រ១គ្រឿង បើកដឹកឈើចេញពីខេត្តឧត្តរមានជ័យ ឆ្ពោះឆ្លងចូលខេត្តបន្ទាយមានជ័យ ឆ្លងចរន្តខ្សែភ្លើង ឆេះធុងហ្គាសរាលឆេះពេញរថយន្ត សល់តែគ្រោងឆ្អឹង និងឈើពេញរថយន្តទើបដឹងថា ជារថយន្តដឹកជញ្ជូនឈើ ។

ករណីរថយន្តឆេះនៅសល់តែឆ្អឹងនិងឈើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា៦ និង៥៥នាទី យប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចស្ពានខាងកើតភូមិចារ ក្នុងភូមិចារ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

បើតាមការឲ្យដឹងពីលោកវរសេនីយ៏ទោ សុឹមវណ្ណ: អធិការរងទទួលផែននគរបាលយុត្តិធម៌ បានប្រាប់ឲអ្នកព័ត៏មានដឹងថា ម្ចាស់ឡានរងគ្រោះខាងលើមានឈ្មោះ  តឿ ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិឃុំ ឬស្សីក្រោក ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ឡានដែលឆេះពាក់ស្លាកលេខ ភ្នំពេញ ២A.0063 ម៉ាកហាយឡែនឌ័រពណ៌ស សេរីឆ្នាំ២០០៤ បើកបរដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណ ។

លោកអធិការរងដដែលបានបញ្ជាក់បន្ថែមថា យោងតាមចម្លើយបំភ្លឺពីម្ចាស់ឡានផ្ទាល់ បានអះអាងថា មុនពេលកើតហេតុ រូបគាត់បានជិះឡាន២នាក់ តៃកុងឡានលុះពេលមកដល់ចំណុចកើតហេតុ ក៏ធំក្លិនមានឆ្ងៀមផ្សែងចេញពីក្រោយឡាន ក៏អែបខាងឈប់មើលឡានស្រាប់តែភ្លើងឆេះចេញពីធុងហ្គាស ពេលនោះគាត់ទាំង២នាក់តៃកុងឡាន ឃើញអណ្តាតភ្លើងឆេះកាន់តែខ្លាំង ក៏ប្រញាប់ស្ទុះលោតចេញពីកន្លែងឡានភ្លាមៗតែម្តង ។

សមត្ថកិច្ចមូលដ្ធាន ដែលនៅកន្លែងកើតហេតុ បានបញ្ជាក់បន្ថែមថា ករណីអគ្គីភ័យឆាបឆេះរថយន្តនៅត្រង់ចំណុចខាងលើ ផ្តើមចេញពីការឆ្លងចរន្តខ្សែភ្លើង ឆេះធុងហ្គាស ដែលបំពាក់នៅពីក្រោយ ទើបបណ្តាលឲ្យឆេះរាលដាលឆេះដល់ក្នុងរថយន្ត ។

ក្រោយពេលកើតហេតុភ្លាម កម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអធិការដ្ធានស្រុកបន្ទាយអំពិលជាច្រើននាក់ បានចេញឡានទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទើបអាចគ្រប់គ្រងស្ថានការបានមិនឆេះរាល់ដល់ផ្ទះប្រជាពលរដ្ធ ដោយឡែកឡានត្រូវឆេះម៉ត់អស់រលីង នៅសល់តែគ្រោងឆ្អឹង និងឈើដើមជាច្រើនដើម ដែលរងការឆេះមួយចំនួនធំ ចំណែកជនរងគ្រោះទាំង២នាក់ពុំមានរងរបួសឡើយ ៕

CATEGORIES
Share This