ស្នងការបាត់ដំបង កាន់បិណ្ឌទី៩ នៅវត្តស្វេតឆត្រ័កុញ្ជរជ័យ ហៅវត្តដំរីស
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីជាភរិយា ព្រមទាំងថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលចំណុះស្នងការដ្ឋានរួមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ្ធ ជិត ឆ្ងាយ បានអញ្ជើញចូលរួមក្នុងកម្មវិធីឆ្លងបុណ្យកាន់បិណ្ឌវេណទី៩នៅបរិណវត្តស្វេតឆត្រ័កុញ្ជរជ័យ ហៅវត្តដំរីស ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបានបញ្ជាក់ថា ការចូលរួមកាន់វេណបិណ្ឌតាមប្រពៃណីជាតិខ្មែរនៅទីអារាមនេះ ត្រូវបានថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទទួលវេនជារៀងរាល់ឆ្នាំតរៀងមក តាំងពីពេលមុនរហូតដល់ពេលបច្ចុប្បន្ន ដែលនៅក្នុងការចូលរួមនេះ ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់បានចូលរួមនូវបច្ច័យនិងទេយ្យវត្ថុ ព្រមទាំងគ្រឿងបរិក្ខាផ្សេងៗ ដើម្បីវេរប្រគេនចំពោះព្រះសង្ឃដែលគង់ចាំព្រះវង្សាអស់កាលត្រីមាសនៅទីអារាមនេះ ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោកក៏សូមចែករំលែកនូវកុសលផលបុណ្យដែលកេីតឡេីងនាឱកាសថ្ងៃនេះ បានចំណែកស្មេីៗគ្នាដល់កងកម្លាំងនគរបាលនិងក្រុមគ្រួសារទាំងអស់ដែលមិនបានមកចូលរួមដោយផ្ទាល់ត្បិតជាប់បំពេញភារកិច្ចនៅទីជិត ទីឆ្ងាយសូមអនមោទនា ទទួលយកនូវចំណែកបុណ្យកុំបីអាក់ខាន សម្រាប់ផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារព្រមទាំង ញាតិក្នុងសង្សាវដ្ឋនិងសូមបានប្រកបដោយសុខភាពល្អ ប្រាជ្ញាភ្លឺថ្លា សូមមានសុភមង្គលក្នុងក្រុមគ្រួសារនិងទទួលបានជោគជ័យគ្រប់ភារកិច្ចនិងមុខរបររកទទួលទាន ។
ម៉្យាងទៀតពិធីនាថ្ងៃនេះគឺដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតអំពី សេចក្តីជ្រះថ្លាជូនចំពោះដួង វិញ្ញាណក្ខន្ធ នាយ នាយរង និងមន្រ្តីនគរបាលជាតិ រួមទាំងអតីតមន្រ្តីនគរបាលជាតិផង ដែលលោកបានពលី និងមរណៈនាពេលកន្លងទៅជាយូរមកហើយ និងទាំងពេលថ្មីៗនេះក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា បុព្វហេតុសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ សូមដួងវិញ្ញាណក្ខន្ធ លោកអ្នកទាំងអស់នោះ បានទទួលយកនូវចំណែកបុណ្យបានស្មើៗគ្នានិងយោនយោគកំណេីតនៅក្នុងសុគតិភពកុំបីអាក់ខានឡើយ ៕
ដោយ ៖ សាលី