Connect with us

ព័ត៌មានជាតិ

ប្រជុំដោះស្រាយផលប៉ះពាល់ លើគម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្ត ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ក្រុមកាងារអន្តរក្រសួង សហការជាមួយអាជ្ញាធរខេត្ត បានរៀបចំបើកកិច្ចប្រជុំ ស្តីពី នីតិវិធីនៃការដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារ គម្រោងសាងសង់ស្ថានីយជញ្ជីងថ្លឹងយានយន្តអចល័ត ចំនួន២កន្លែង ស្ថិតនៅភូមិកូនដំរី និងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ក្រោមការដឹកនាំអង្គប្រជុំដោយលោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ថុក សម្បត្តិ ប្រធានក្រុមកាងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់ និងមានការចូលរួមពីសំណាក់អស់លោកមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ ។

លោក លី សារី មានប្រសាសន៍ថា ការជួបពិភាក្សាគ្នារវាងក្រុមការងារ និងអ្នកពាក់ព័ន្ធទំនាស់បានធ្វើអោយក្រុមការងារទទួលបានធាតុចូលថ្មីៗបន្ថែមទៀត ដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការ ឈានទៅរកការដោះស្រាយបញ្ហានេះផងដែរ ។

លោកបន្តថា សម្រាប់លទ្ធផលនៃកិច្ចប្រជុំនេះយើងទទួលបាន ៖ ១.ប្រគល់ឱ្យប្រជាពលរដ្ឋធ្វើលិខិតស្នើសុំ ដែលជាតម្រូវការរបស់ខ្លួន សុំធ្វើផ្លូវ ៨ម៉ែត្រ និងសុំចេញ ចូលពេលអនុវត្តគម្រោង សុំថវិកាថ្លៃជាង(អ្នកខាងក្រោយជញ្ជីង) ។ ២.សូមឱ្យសហការជាមួយក្រុមការងារក្រសួង ដើម្បីអនុវត្តការងារបន្តចាប់ពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២២ ដោយចុះអនុវត្តន៍ នៅតាមទីតាំងស្ថានីយទី១ និងទី២ ដោយភ្ជាប់យកជាមួយ(ឯកសារកាន់កាប់ដីធ្លី, សៀវភៅស្នាក់នៅ, អត្ដសញ្ញាណកម្ម និងលិខិតផ្ទេរសិទ្ធិ) ។ ៣.ប្រគល់ឱ្យក្រុង-សង្កាត់-ភូមិ ធ្វើការសិក្សាស្វែងរកមនុស្សដែលមានដីពាក់ព័ន្ធ និងស្ថានីយ 3F ទៀត ៕