គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ក្រសួងសាធារណការ រកឃើញយានយន្តលើសទម្ងន់ជាង៧១ម៉ឺនគ្រឿង
ភ្នំពេញ៖ របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់បានចំនួន ៧១៥,៥៣៤ គ្រឿង ក្នុងចំណោមរថយន្តដែលត្រូវត្រួតពិនិត្យសរុបចំនួន ២,២៤៦,១៤០គ្រឿង។
របាយការណ៍ក្រសួងសាធារណការដដែល បានបន្ថែមទៀតថា ក្នុងការចុះត្រួតពិនិត្យមន្ដ្រីជំនាញរកឃើញ រថយន្តផ្ទុកមិនលើសទម្ងន់ចំនួន ១,៥២៨,៨៤០គ្រឿង,រថយន្តផ្ទុកលើសទម្ងន់ចំនួន៧១៧,៣០០ គ្រឿង ស្មើនឹង ៣១.៩៣% ក្នុងនោះមាន៖ រថយន្តផ្ទុកលើសទម្ងន់ ក្រោម ៥% ចំនួន ៧១៥,៥៣៤ គ្រឿង ស្មើនឹង៣១.៨៦% , រថយន្តផ្ទុកលើសទម្ងន់ ពី ៥% ទៅ ១០ % ចំនួន ២៨គ្រឿង , រថយន្តផ្ទុកលើសទម្ងន់ ១០% ទៅ ២០% ចំនួន ១,៣២៣គ្រឿង ស្មើនឹង០.០៦% , រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ៤១៥ គ្រឿង ស្មើនឹ ០.២% ។
ក្រសួងសាធារណការ បានបន្ដទៀតថា ពាក់ព័ន្ធនឹងវិធានការករណីខាងលើគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តលើសទម្ងន់ បានពិន័យរថយន្តដឹកលើទម្ងន់សរុបចំនួន១,៧៦៦គ្រឿង មានទឹកប្រាក់សរុបចំនួន ២,៧១០,៥០៩,០០០រៀល (ពីរប៊ីលាន ប្រាំពីររយដប់លាន ប្រាំរយប្រាំបួនពាន់រៀលគត់)។ ទន្ទឹមនឹងនោះ រថយន្តត្រូវ បាន ឃាត់ទុក ១ឆ្នាំ គិតត្រឹមថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០២៣សរុបចំនួន ៣៥៦ គ្រឿង។ រថយន្តបានឃាត់ទុកមិនទាន់គ្រប់១ឆ្នាំ ដែលត្រូវដោះលែងមានចំនួន៩៦ គ្រឿង ៕