យុវជនកាកបាទក្រហមវិទ្យាល័យកំរៀង ទទួលវគ្គបណ្តុះបណ្តាល ជាមូលដ្ឋានស្តីពី ប្រវត្តិគំនិតមួយរបស់ចលនាកាកបាទក្រហម

បាត់ដំបង ៖ នៅថ្ងៃទី២៧ ខែកញ្ញា  ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីសាខាបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានស្តីពីប្រវត្តិគំនិតមួយរបស់ចលនា កាកបាទក្រហមអឌ្ឍច័ន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមជូនដល់លោកគ្រូទីប្រឹក្សា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទើបជ្រើសរើសថ្មី សរុបចំនួន៥៧នាក់ ស្រី៣០នាក់ ក្នុងវិទ្យាល័យកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ។

វគ្គបណ្តុះបណ្តាលនេះដោយមានការសម្របសម្រួលពីលោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត និងគ្រូបង្គោលវិជ្ជាសង្គ្រោះបឋមសាខាខេត្តផងដែរ ក្នុងគោលបំណង ដើម្បីបង្កើនសមត្ថភាពចំណេះដឹង រួមមានប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម សុខភាព និងជំនាញក្នុងការសង្រ្គោះដល់អាយុជីវិតជនរងគ្រោះ និងកាត់បន្ថយការស្លាប់ដោយគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ។

នាឱកាសនោះដែរ លោក យ៉ាន ឧត្តម នាយករងសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម សុខ លូ ប្រធានគណ:កម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់លោកគ្រូ អ្នកគ្រូទីប្រឹក្សា ប្អូនៗយុវជន និងសិស្សានុសិស្សទាំងអស់ ដែលបានលះបង់ពេលវេលាក្នុងការចូលរួមជាមួយចលនាមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សំដៅជួយរំលែកនូវទុក្ខលំបាករបស់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេង ។

លោកនាយលរងសាខាបានគូសបញ្ជាក់ពីគោលបំណងនៃការបេីកវគ្គនេះគឺ ដេីម្បីពង្រឹង និងពង្រីកកម្លាំងមនុស្សធម៌ ក្នុងនោះឱ្យយុវជនកាកបាទក្រហមយេីង បានយល់ដឹងសុីជម្រៅពីចលនាកាកបាទក្រហម តួនាទីភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបានមុនឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ។

សូមបញ្ជាក់ថា សម្រាប់មេរៀនដែលយកមកបង្ហាត់បង្ហាញរួមមាន ៖ ១.ប្រវត្តិចលនាបដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា, ២.គ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះមហន្តរាយ, ៣.សុវត្ថិភាពចរាចរណ៍ផ្លូវគោក, ៤.តួនាទីនិងភារកិច្ចទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជា, ៥.វិជ្ជាសង្គ្រោះបឋម ៕
ដោយ ៖ សាលី

CATEGORIES
Share This