សប្បុរសជនបន្ត ឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហម ដើម្បីបុព្វហេតុមនុស្សធម៌ ជួយជនងាយរងគ្រោះផ្សេងៗ

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានបន្តអញ្ចើញទទួលជួបសវនាការ និងទទួលថវិកាពីសប្បុរសជន ។

ថវិកាដែលទទួលពីសប្បុរសជននាថ្ងៃនេះសរុបចំនួន ៣៧,៥០០.០០០រៀល (សាមសិបប្រាំពីលានប្រាំរយពាន់រៀល) និង ២,៤២៥.៨៣ដុល្លារ ដែលក្នុងនោះបានពីឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង សប្បុរសជន និងសហការីថវិកាចំនួន ២៦,៥០០.០០០រៀល  ពីលោក សុខ ដែន អភិបាល នៃគណៈអភិបាលស្រុកកំរៀង សប្បុរសជននិងសហការី ថវិកាចំនួន ២,៤២៥.៨៣ដុល្លារ  ពីលោក ម៉ិល សុផល អភិបាល នៃគណៈអភិបាលស្រុកឯកភ្នំ សប្បុរសជន និងសហការី ថវិកាចំនួន ១០,០០០,០០០រៀល ពីឯកឧត្តម គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង  និងសហការី ថវិកាចំនួន ១,០០០,០០០រៀល ជាការឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ។

ស្ថិតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាបន្តបន្ទាប់រហូតមក គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សាខាខេត្តបានទទួលថវិកាពីសប្បុរសជនចំនួន ១៨២រូប/អង្គភាព ដែលថវិកាសរុបចំនួន ៤៤០,៨៨៩.៦០០ រៀល ,ប្រាក់ដុល្លារចំនួន ៥៦,១៥០.៨៣ដុល្លារ និងប្រាក់បាតចំនួន ១៧,០០០បាតផងដែរ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបង ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលា និងស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ៕
ដោយ ៖ សាលី

CATEGORIES
Share This