សមាគមអ្នកកាសែតកម្ពុជា-ថៃ ចុះ MOU បង្កើនទំនាក់ទំនង​ ផ្លាស់ប្តូរព័ត៌មានត្រឹមត្រូវ និងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

បន្ទាយមានជ័យ ៖ សមាគមអ្នកសារព័ត៌មានខេត្តស្រះកែវ និងសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ានកម្ពុជាកាលពីថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០២៣​ នៅសណ្ឋាគារ ឡាវីឡា ប៊ូទិក ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ​ បានចុះអនុស្សរណៈនៃយោគយល់គ្នា ដើម្បីបង្កើនទំនាក់ទំនង​ ផ្លាស់ប្តូរព័ត៌មានត្រឹមត្រូវ និងរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ។

ការចុះ​ហត្ថលេខា​លើអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅដោយ​លោក សោម ស័ក្តិ​សា​កាន ប្រធាន​សមាគម​អ្នកកាសែត​ខេត្ត​ស្រះកែវ ភាគី​ថៃ និង​លោក សេង​ រាជសី ប្រធាន​សមាគម​មិត្តភាព​អ្នកកាសែត​អាស៊ាន ភាគី​កម្ពុជា ក្រោមសក្ខីភាពពី​លោក ចក្រីពង្ស ប៉ាន់​ជោត អភិបាលស្រុក​អារញ្ញ​រួមជាមួយនឹងភ្នាក់ងាររដ្ឋាភិបាល យោធា ប៉ូលីស សារព័ត៌មានថៃ និងកម្ពុជាបានចូលរួម ។

លោក សេង​ រាជសី​ បាន​ថ្លែង​អំណរគុណ​ចំពោះ​សមាគម​អ្នកសារព័ត៌មានថៃ​  ដែលបានជួយផ្តល់ជំនួយយ៉ាងច្រើន ដល់ភាគីកម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ធ្វើអោយ​ចំណង​មិត្តភាព​រវាង​អ្នកសារព័ត៌មានទាំង​ពីរ​ មានការ​អភិវឌ្ឍ​ដល់​កម្រិត​មួយ​ដែល​ប្រៀប​ដូច​ជា​បងប្អូន ។ ថ្មីៗ នេះ ភាគីថៃបានគាំទ្រសមាគមមិត្តភាពអ្នកសារព័ត៌មានអាស៊ាន​ ដេីម្បីចុះ MOU ជាមួយសមាគមអ្នកសារព័ត៌មានថៃ​ ហេីយសមាគមទាំងពីរ បានបង្ហាញការរំពឹងទុកថា នឹងបន្តកិច្វសហការរួមគ្នា​ អញ្ជើញអ្នកសារព័ត៌មានថៃ ចូលរួមកិច្ចប្រជុំពិភាក្សានៅខាងកម្ពុជា ដេីម្បីកសាងទំនាក់ទំនងជាមួយគ្នាកាន់តែស្អិតរមួត រួមគ្នាផ្សព្វផ្សាយព័ត៌មានពិតពីប្រទេសទាំងពីរ ដល់ពលរដ្ឋនិងថ្នាក់ដឹកនាំប្រទេសទាំងពីរ ។

ជាមួយគ្នានោះ លោកអភិបាលស្រុកអារញ្ញ បានលើកឡើងថា ការដែលអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ បានឈានដល់ការចុះ MOU នេះ វានឹងនាំអោយមានការផ្លាស់ប្តូរ នូវបទពិសោធន៍រវាងគ្នានិងគ្នាមិនថែមតែប៉ុណ្ណោះ ក៏ធ្វើអោយពលរដ្ឋទាំងពីរប្រទេសទទួលបានព័ត៌មានពិត ពីប្រទេសទាំងពីរ ។ លោកបន្តថា ក្នុងនាមលោកជាអភិបាលស្រុក លោកហានតទល់ជាមួយអង្គភាពគ្រប់អង្គភាព ដើម្បីពលរដ្ឋ តែលោកមិនហានជាមួយអ្នកព័ត៌មានទេ ព្រោះអ្នកព័ត៌មាន អាចពាំនាំនូវបុគ្គលដែលប្រព្រឹត្តខុស ឬល្អ មានស្នាដៃ ទៅគ្រប់មជ្ឈដ្ឋាន ។

បន្ទាប់ពីចុះ MOU ភាគីទាំងពីរ បានទទួលទានអាហារជាមួយគ្នា ។ បន្ទាប់មក សារព័ត៌មានថៃ បាននាំអ្នកសារព័ត៌មានកម្ពុជា ទៅទស្សនាសហគមន៍សហគ្រាសកែច្នៃឱសថ Siam Ruby Herbal Group 05 ឃុំ Khong Kai Thuen និង ថ្វាយបង្គំទស្សនានៃវត្តលោកយាយ ដូន សំ នៅស្រុកខ្លងហាត​ ។

ខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់ របស់ប្រព័ន្ធផ្សព្វផ្សាយទាំងសងខាង នឹងមានកិច្ចសហប្រតិបត្តិការដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាគមទាំងពីរថៃ-កម្ពុជា ។ សម្រាប់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពក្នុងការងាររួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ដល់អ្នកជំនាញសារព័ត៌មាន និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ  លើកកម្ពស់ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរ និងមានការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ពិនិត្យភាពត្រឹមត្រូវនៃព័ត៌មានមុននឹងបង្ហាញ ឬកែសម្រួលតាមការជាក់ស្តែង ។ ដើម្បីកុំឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងទំនាក់ទំនងនៃប្រទេសទាំងពីរ ហើយភាគីទាំងពីរ នឹងផ្លាស់ប្តូរជួប និងសួរសុខទុក្ខគ្នាទៅវិញទៅមក ជារៀងរាល់ឆ្នាំ ដើម្បីផ្លាស់ប្តូរព័ត៌មានស្ថានភាព បង្កើតភាពជិតស្និទ្ធ​ និងរួមគ្នាព្រមទាំងរួមគ្នាប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយ ដេីម្បីបានផ្តល់ព័ត៌មានពិត ដល់ប្រជាពលរដ្ឋយេីងទាំងអស់គ្នា​ ព្រោះការទទួលបានព័ត៌មានពិតធ្វេីអោយយេីង ធ្វេីការសម្រេចចិត្តបានត្រឹមត្រូវ ៕

CATEGORIES
Share This