ចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក ” ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និង លំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក “

(បាត់ដំបង ) នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បានចាត់មន្រ្តីសាខាសហកាជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំយុទ្ធនាការ រួមគ្នាបំបាត់ជម្រក និងប្រភពមូសខ្លា ដើមី្បការពារជម្ងឺគ្រុនឈាម ដោយដាក់ថ្នាំអាបេត ក្នុងមូលដ្ឋានសង្កាត់ចំនួន២ រួមមាន សង្កាត់អូរចារ និងសង្កាត់ចំការសំរោង ក្នុងក្រុងបាត់ដំបង។

តាមការបញ្ជាក់របស់មន្ត្រីមន្ទីរសុខាភិបាលខេត្តបាត់ដំបង ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់ តាមរយៈ បទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមកបានបង្ហាញថា ស្ថានភាពជំងឺគ្រុនឈាមតែងតែកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង ហើយជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹកដក់រងថ្លាគ្មានក្លិនដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុកឬបោះចោលពាសវាលពាសកាលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។

ដូចនេះហើយទើបក្រសួងសុខាភិបាល និងមន្ទីរ បានក្រើនរំលឹកដល់ប្រជាជនគ្រប់រូប ត្រូវបន្តប្រុងប្រយ័ត្នប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងដើម្បីចូលរួម ទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ហើយសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបដែលមានរោគសញ្ញាគ្រុនក្ដៅខ្លួនខ្លាំងភ្លាមៗ ចាប់ពី៣៩, ទៅ៤០អង្សារសេ ឬ មានសមាជិកគ្រួសារដែលមានរោគសញ្ញាដូចការរៀបរាប់ សូមស្វែងរកការពិគ្រោះយោបល់ និងពិនិត្យព្យាបាល នៅតាមមន្ទីរពេទ្យឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសូមទំនាក់ទំនងមកលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ប្រសិនជាមានចម្ងល់បន្ថែម ឬចូលរួមរាយការណ៍។ ហើយសូមបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរ ស្របនឹងពាក្យស្លោក ” ខ្ញុំនិងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និង លំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក “។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយពីការលុបបំបាត់ជម្រកមូសខ្លា ការពារគ្រុនឈាម ការដាក់ថ្នាំអាបេតនេះ ធ្វើឡើងដោយយោង តាមការណែនាំរបស់កាកបាទក្រហមកម្ពុជា និងដោយមានកិច្ចសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបងព្រមទាំងមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជាផងដែរ ដោយសកម្មភាពខាងលើនេះក្រុមការងារសាខាបាន ដាក់អាបេតតាមពាងផ្ទះបានជាច្រើនពាងនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង២សង្កាត់ខាងលើ៕

CATEGORIES
Share This