ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៨នេះ នឹងផ្តល់កិត្តិយសទទួលកីឡាករ–កីឡាការិនីកម្ពុជា ដែលបានទទួលមេដាយមាស នៅក្នុងការប្រកួតកីឡា Asian Game លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។
ក្នុងផេកហ្វេសប៊ុកផ្លូវការចេញផ្សាយ នៅព្រឹកថ្ងៃនេះ សម្ដេចតេជោហ៊ុន សែន បានថ្លែង អរសាទរ និងកោតសរសើរដល់កីឡាករឆ្នើម និងគ្រូបង្វឹកទាំងអស់។
ក្នុងសម្ដេចតេជោ បានសូមជូនរូបថត១សន្លឹក ដែលបានថតកាលពីឆ្នាំ១៩៨៣ នៅកោះ ដាច់។ ប្រទេសយើងកាលនៅពេលនោះ និងពេលនេះ គឺ ពិតជាខុសគ្នាឆ្ងាយណាស់! អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមថែរក្សា សន្តិភាព។ សូមជូនពរបងប្អូន និងកូនក្មួយសុខសប្បាយគ្រប់ៗគ្នា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងនាយបេសកកម្ម ធ្លាប់បានឲ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងអនុញ្ញាតឲ្យប្រតិភូ និងកីឡាករ-កីឡាការិនី ពិសេសគឺម្ចាស់មេដាយមាសកីឡាអាស៊ីផ្ទាល់តែម្ដង ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលភ្លាមៗតែម្ដង ក្រោយធ្វើដំណើរពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅវិមានសន្ដិភាព ។ ជាមួយនឹងកាយវិការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ ក្នុងនាមនាយបេសកកម្ម និងកីឡាករ-កីឡាការិនី បានសម្ដែងនូវការគោរពដឹងគុណ និងជំរុញឲ្យកីឡាករ-កីឡាការិនីកាន់តែមានកម្លាំងចិត្តក្នុងការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែមទៀត ៕