កូនឈើប្រណិតចំនួន៥០០០ដើមត្រូវបាននាំយកទៅដាំនៅទំនប់អាងស្រះកែវ ក្នុងឃុំកំពង់ព្រះ

(បាត់ដំបង) នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ រដ្ឋបាលឃុំកំពង់ព្រះ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនៃមន្ទីរបរិស្ថាន លោកអភិបាលរងស្រុក បងប្អូនក្រុមការងារ ១០០ រាត្រីប្រចាំខេត្តបាត់ដំបង និងសិស្សានុសិស្សជាច្រើននាក់បាននាំយកកូនឈើប្រណិតចម្រុះសរុបចំនួន ៥០០០ដើមដាំនៅទំនប់អាងស្រះកែវ ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

លោកស្រី ទឹមទុន ទីឌីណា អនុប្រធានមន្ទីរបរិស្ថានបានបញ្ជាក់ថា កូនឈើប្រណិតដែលនាំយកមកដាំនាថ្ងៃនេះមានចំនួន ៥០០០ដើម ដែលក្នុងនោះមានដើមបេង ,ដើមធ្នង់ , ដើមរាជ , ដើមនាងនួន និងដើមក្រញូងផងដែរ ដែលជាការខ្នះខ្នែងជួយឧបត្ថម្ភ ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាពិសេសលោកប្រធានបរិស្ថាន និងប្រធានក្រុមការងារ១០០រាត្រីប្រចាំខេត្តបាត់ដំបងផងដែរ ដើម្បីឆ្លើយតបតាមសំណូមពរនិងតម្រូវការចាំបាច់របស់រដ្ឋបាលឃុំកំពង់ព្រះ។

លោក ហីង ស៊ីថា មេឃុំកំពង់ព្រះ ក៏បានថ្លែងអំណគុណទៅដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមរយៈមន្ទីរបរិស្ថានខេត្ត បានផ្តល់កូនឈើប្រណិតចំនួន៥០០០ដើម មកដល់រដ្ឋបាលឃុំកំពង់ព្រះ ដែលបានស្នើសុំតាមរយៈក្រុមការងារ១០០រាត្រី ដើម្បីយកមកដាំនៅលើទំនប់អាង ដើម្បីថ្ងៃក្រោយនៅលើផ្ទៃអាងដែលមានប្រវែង ៨គីឡូម៉ែត្របួនជ្រុងអោយក្លាយទៅជាកន្លែងតំបន់បៃតងដែលមានដើមឈើស្រស់បំព្រង។ហើយក្នុងនាមអាជ្ញាធរមូលដ្ឋានលោកសូមអំពាវនាវទៅដល់បងប្អូនដែលរស់នៅជាប់និងផ្ទៃអាងស្រះកែវមួយនេះ សូមចូលរួមក្នុងការថែទាំដើមឈើដែលបានដាំដុះថ្ងៃនេះ ធ្វើយ៉ាងម៉េចអោយដើមឈើបានល្អ ដើម្បីថ្ងៃអនាគតសំរាប់ក្មេងៗជំនាន់ក្រោយបានស្គាល់នៅពូជឈើដ៏កម្រទាំងនេះ។

ជាមួយគ្នានេះដែរ លោក ឈាង ផល្លា ប្រធានក្រុមការងារ១០០រាត្រីប្រចាំខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្ត ក៏ដូចជាលោកអភិបាលរងស្រុកសង្កែ និងលោកមេឃុំកំពង់ព្រះ ជាពិសេសសូមគោរពទៅដល់សម្តេចតេជោ សម្តេចក្រឡាហោម ស ខេង ជាពិសេសសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោកតែងតែគាំទ្រដល់ក្រុមយុវជន និងក្រុមការងារ១០០រាត្រីផងដែរ ដែលក្រុមការងារ១០០រាត្រីមានបាវចនាចំនួន២ ដែលទីមួយគឺយើងរួមគ្នាដើម្បីសន្តិភាព និងទីពីរគឺយើងចូលរួមដើម្បីការអភិវឌ្ឍន៍ជាតិ ដោយចូលរួមធ្វើការងារមនុស្សធម៌ និងការងារបរិស្ថាន។

CATEGORIES
Share This