ប្រជាពលរដ្ឋមានជីវភាពក្រីក្ររងគ្រោះដោយគ្រោះរាំងស្ងួតចំនួន ១៦២គ្រួសារនៅស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម

(បាត់ដំបង) នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត ដែលមានជីវភាពខ្វះខាត កន្លងមកចំនួន ១៦២គ្រួសារ រស់នៅក្នុងភូមិសាករ ឃុំតាលាស់ ស្រុកមោងឬស្សី  ខេត្តបាត់ដំបង។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

ជាមួយគ្នានេះ ឯកឧត្តមប្រធាន ជម្រាបជូនអំពីការម្រែបម្រួលអាកាសធាតុ បានបង្កឱ្យតំបន់ខ្លះនៃខេត្តបាត់ដំបង រងគ្រោះមហន្តរាយធម្មជាតិដោយជំនន់ទឹកភ្លៀង ហើយតំបន់ខ្លះទៀតទទួលរងគ្រោះរាំងស្ងួត ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបរបរ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ជាក់ស្តែងយោងតាមរបាយកាណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នេះ ខេត្តបាត់ដំបងប៉ះពាល់ដោយគ្រោះរាំងស្ងួតលើឃុំចំនួន ២៩ ក្នុងស្រុកចំនួន៦រួមមាន៖ស្រុកមោងឫស្សី ប៉ះពាល់លើផ្ទៃដីសរុបចំនួន ៣១២០០ ហិចតា, ស្រុកគាស់ក្រឡ ប៉ះពាល់សរុបចំនួន ៤៧៦៩ហិចតា,ស្រុករតនមណ្ឌល ប៉ះពាល់សរុបចំនួន ២៥៨ហិចតា ,ស្រុកកំរៀង ប៉ះពាល់ចំនួន ៧៥៩៥ហិចតា ,ស្រុកបវល ប៉ះពាល់ចំនួន ៧០០១ ហិចតា និងស្រុករុក្ខគីរី ប៉ះពាល់ចំនួន ៩៥០ហិចតា។

បន្ថែមពីនេះឯកឧត្តមបានពាំនាំនូវសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើសារៈសំខាន់នៃការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ស្ត្រីមានផ្ទៃពោះ និងការឆ្លងជំងឺគ្រុនឈាម និងជំងឺនានា ការកសាងភាពធន់ក្នុងសហគមន៍ ដើម្បីភូមិឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានអំពើចោរកម្ម គ្មានអំពើហិង្សា និងត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។ ល។

អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ -អង្ករ ២៥៣០គីឡូក្រាម -មី១កេស -ទឹកបរិសុទ្ធវិឃែរ ១កេស  -ត្រីខ ១០កំប៉ុង -ទឹកត្រី១យូរ -ទឹកស៊ីអ៊ីវ១យួរផងដែរ ។

CATEGORIES
Share This