មន្ត្រីជំនាញ និងម្ចាស់រោងម៉ាស៊ីនកំណត់វិធានការជួយប្រមូលទិញស្រូវក្នុងតម្លៃខ្ពស់ជាងទីផ្សារទប់ស្កាត់ឈ្មួញបង្អាប់បន្ថោក

(បាត់ដំបង)លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះថា÷ ចាប់តាំងពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកញ្ញាមកនេះក្រុមឈ្មួញមួយចំនួនបានឆ្លៀតឱកាសបង្អាប់បន្ទាបតម្លៃផលស្រូវរបស់បងប្អូនប្រជាកសិករជាបន្តបន្ទាប់នាំឲ្យប្រជាកសិករក្នុងខេត្តបាត់ដំបង កើតមាននូវការព្រួយបារម្ភយ៉ាងខ្លាំងចំពេលដែលដំណាំស្រូវរបស់ពួកគាត់ចាប់ផ្តើមប្រមូលផលបណ្តើរៗដើម្បីលក់។

លោកបន្តថា÷ ក្រោយពីកើតឡើងនូវបញ្ហាតម្លៃស្រូវធ្លាក់ទាបនេះរូបលោក ជាមួយឯកឧត្តម ភួ ពុយ អ្នក តំណាង រាស្ត្រ មណ្ឌល បាត់ដំបង បានដឹកនាំ មន្ត្រីជំនាញចុះពិនិត្យ និងបើកកិច្ច ប្រជុំ បន្ទាន់ មួយ រវាងសមាជិក និងម្ចាស់រោងចក្រកែច្នៃស្រូវអង្កធំៗ ក្នុងខេត្តពោធិ៍សាត់ ខេត្តបាត់ ដំបង ដើម្បីស្វែងរក យន្តការ ដោះស្រាយបញ្ហាស្រូវ ស្រាល ដេីមរដូវធ្លាក់ថ្លៃនេះ។

ជាលទ្ធផលក្រោយជំនួបពិគ្រោះយោបល់គ្នាមន្ត្រីពាក់ព័ន្ធទាំងអស់បានដាក់ចេញនូវវិធានការទប់ស្កាត់មួយចំនួនរួមមាន: ស្នេីអោយក្រុមហ៊ុនកែច្នៃស្រូវអង្កខាងលេីទាំងអស់ចូលរួម និងជួយប្រមូលទិញស្រូវពីកសិករ ឲ្យទាន់ពេលវេលា ហើយក៏ផ្អែកតាមគុណភាពស្រូវផងដែរដោយស្រូវស្រង៉ែត្រូវប្រមូលទិញពីកសិករចាប់ពី តម្លៃ ១.១៥០.០០០រៀលឡេីងទៅក្នុងមួយតោន, ស្រូវ សែន ក្រអូប ប្រមូលទិញចាប់ពី ១.២៤៥.០០០រៀល ឡេីងទៅក្នុងមួយតោន ខណ:ផលស្រូវចុងក្រោយនេះបានធ្លាក់ទាបបន្តិចក្នុងតម្លៃ៩០០.០០០រៀលនៅក្នុងមួយតោនៗ, ហើយត្រូវតាមដានភ្នាក់ងារ ឬម៉ូយដែលប្រមូលផ្គត់ផ្គង់អោយរោងម៉ាស៊ីនរបស់ខ្លួន ចៀសវាងកុំអោយមានការទិញតម្លៃក្រោមពីការកំណត់ដែលបានដាក់ចេញជាវិធានការទប់ស្កាត់ ពិសេសត្រូវរួមគ្នាទប់ស្កាត់ចំពោះឈ្មួញខិលខូច មួយ ចំនួន ដែលឆ្លៀតឱកាស បង្អាប់តម្លៃស្រូវរបស់កសិករ ក្រោមហេតុផលផ្សេងៗ និងចង់កេងចំណេញច្រើនជាដើម៕

CATEGORIES
Share This