ពលរដ្ឋសហគមន៍ស្រែកិន សុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ រឿងមិនអាចតទុយោទឹក ស្រោចស្រពដំណាំបាន

កំពង់ស្ពឺ ៖ ប្រជាសហគមន៍ប្រមាណ ជាង២០គ្រួសារដែលរស់នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បាននាំគ្នាប្រមូលផ្តុំ ដើម្បីសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ គ្រាដែលពួកគាត់មិនអាចតទុយោទឹក ពីជើងភ្នំយកមកប្រើប្រាស់ក្នុងសហគមន៍បាន ខណៈមានបុគ្គលម្នាក់ដែលអះអាងថា ជាក្មួយរបស់អ្នកមានអំណាច នៅចាំរារាំង និងកាប់បំផ្លាញ ។

លោក ហ៊ន សារិទ្ធ តំណាងឱ្យសហគមន៍ស្រែកិន បាននិយាយថា ប្រជាសហគមន៍នៅក្នុងភូមិនេះ គឺ ប្រកបដាំបន្លែបង្កាដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ។ ការដាំត្រូវបានពឹងផ្អែកទាំងស្រុងនូវរបបទឹកភ្លៀង និយាយរួមដាំបានតែក្នុងរដូវវស្សា ចំណែករដូវប្រាំងមិនមានទឹកស្រោចស្រពពិសេសគ្មានទាំងទឹកសម្រាប់ប្រើប្រាស់ និងបរិភោគទៀតផង ។

លោក ហ៊ន សារិទ្ធ បន្តថា ដោយមើលឃើញពីប្រភពដែលហូរចុះពីកំពូលភ្នំ ដែលស្ថិតនៅមិនឆ្ងាយពីភូមិសហគមន៍ ប្រជាពលរដ្ឋប្រមាណជាង២០គ្រួសារបានសម្រេចចូលរួមថវិកា ដើម្បីទិញទុយោតភ្ជាប់ពីប្រភពទឹកនៅជើងភ្នំ ចូលមកក្នុងសហគមន៍ ដែលមានប្រវែង២៥០០ម៉ែត្រ ។ ហើយដើម្បីជៀសវាង នូវការខូចខាតដោយភ្លើងឆេះ សហគមន៍ក៏បានដាក់ពាក្យស្នើសុំទៅអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ទីរជំនាញបរិស្ថានខេត្តកំពង់ស្ពឺ ដើម្បីជីកកាយកប់ទុយោក្នុងដី តាមបណ្តោយដីព្រៃ ដែលជាគម្របព្រៃឈើរបស់រដ្ឋ ចូលទៅក្នុងភូមិសហគមន៍ បានប្រើប្រាស់ជាប្រយោជន៍រួម ។

ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ឃុំត្រពាំងជោ លោក ទេព ណែម និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺលោក អោម ម៉ាកធារី ប្រជាសហគមន៍ ក៏បានធ្វើការអូសទុយោទឹក អូសកាត់ដីព្រៃមួយកន្លែង តាមការអនុញ្ញាតពីអាជ្ញាធរ និងមន្ទីរជំនាញ ស្រាប់តែត្រូវបុគ្គលម្នាក់ឈ្មោះ ម៉ម ម៉េង ដែលអះអាងថា ជាក្មួយលោក សេង ទៀង ជំនួយការសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញមុខរារាំងនិងកាប់បំផ្លាញទុយោនោះ ដោយប្រាប់ថា ការអូសទុយោទឹកបានបំពានលើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ។

ជុំវិញការអះអាងរបស់ឈ្មោះ ម៉ម ម៉េង ដែលគេដឹងថា ជាក្មួយលោក សេង ទៀង នេះលោក ទេព ណែម មេឃុំត្រពាំងជោនៃស្រុកឱរ៉ាល់ បានឱ្យដឹងថា ដីដែលខាងលើនេះត្រូវបានរដ្ឋបាលឃុំសម្រេចបដិសេធនិរាករណ៍រាល់លិខិតកាន់កាប់ ប្រើប្រាស់ ផ្ទេរសិទ្ធិ កិច្ចសន្យាលក់ទិញដីកសិកម្មរបស់ឈ្មោះ ម៉ម ម៉េង នោះហើយដោយសំអាងថាការកាន់កាប់របស់ឈ្មោះនេះធ្វើឡើងដោយទុច្ចរិតលើដីព្រៃរបស់រដ្ឋ ។

ជាមួយនេះដែរមន្ត្រីបរិស្ថាននៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ឱ្យដឹងដែរថា បច្ចុប្បន្នអយ្យការសាលាដំបូងខេត្តបាននិងកំពុងដំណើរការនីតិវិធីលើឈ្មោះ ម៉ម ម៉េង នេះដែរលើករណីឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ផងដែរ ។

ទន្ទឹមនិងហើយ ប្រជាសហគមន៍នៃភូមិស្រែកិនបានទទួចសុំទៅអាជ្ញាធរមូលដ្ឋាននិងមន្ទីរជំនាញពាក់ពន្ធ័ ពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជួយអន្តរាគមន៍ដល់ពលរដ្ឋសហគមន៍ស្រែកិនផង ដើម្បីកុំឱ្យបុគ្គលខាងលើយកឈ្មោះថ្នាក់ដឹកនាំមកគៀបសង្កត់ពលរដ្ឋស្លូតត្រង់និងទន្ទ្រានយកដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិដោយទុច្ចរិតបន្តទៀត ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This