រដ្ឋបាលខេត្តបាត់ដំបងបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុង
ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបង និងផ្លាស់ប្តូរទីតាំងឃ្លាំងស្តុកទំនិញទៅនៅក្រៅក្រុងបាត់ដំបងវិញ។
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់ឃ្លាំងស្តុកទំនិញទាំងអស់ក្នុងភូមិសាស្ត្រក្រុងបាត់ដំបងមេត្តាជ្រាបថា ដើម្បីចូលរូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សុវត្ថិភាពសាធារណៈ និងការពារថែរក្សា ផ្លូវថ្នល់ឱ្យបានយូរអង្វែង រដ្ឋបាលខេត្តស្នើឱ្យប្តូរទីតាំងឃ្លាំងស្តុកទំនិញដែលមាននៅក្នុងក្រុងបាត់ដំបង ទៅផ្លូវវាងក្រុងឱ្យរួចរាល់យ៉ាងយូររយៈពេល០១ឆ្នាំ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣។
យោងតាមសេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ កន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជក និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចូលទៅក្នុងក្រុងបាត់ដំបងបណ្តាលឱ្យខូចខាតផ្លូវថ្នល់ និងរងមតិរិះគន់មកលើអាជ្ញាធរមានសមត្ថកិច្ច ពុំបានធ្វើការទប់ស្កាត់ ឬធ្វើការហាមឃាត់ទៅលើការដឹកជញ្ជូនរថយន្តធុនធ្ងន់ទាំងនោះ ហេតុនេះរដ្ឋបាលខេត្តនិងមានវិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនរថយន្តធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង។
ក្នុងរយៈពេលទុកប្តូរទីតាំងឃ្លាំងចេញទៅក្រៅក្រុងនេះ សូមម្ចាស់ឃ្លាំងស្តុកទំនិញពុំទាន់បានប្តូរទីតាំងទៅផ្លូវវាងក្រុង ស្នើឱ្យមានការផ្ទេរទំនិញពីរថយន្តធុនធ្ងន់ មករថយន្តតូចៗ និងហាមឃាត់រថយន្តធុនធ្ងន់គ្រប់ប្រភេទដែលមានទម្ងន់លើសពី ១៦ តោន (ទម្ងន់សរុប) ធ្វើចរាចរណ៍ក្នុងក្រុងបាត់ដំបង ។
អាស្រ័យហេតុនេះ សូមម្ចាស់ឃ្លាំងស្តុកទំនិញទាំងអស់ជ្រាប និងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ជាមួយគ្នានេះដែរ ក៏មានមតិប្រជាពលរដ្ឋមួយចំនួនបានលើកឡើងនិងសង្ឃឹមថា ផែនការរបស់លោកអភិបាលខេត្តថ្មីខាងលើនេះ នឹងមានប្រសិទ្ធភាពមិនដូចផែនការលោកអភិបាលខេត្តមុនៗឡើយ ដែលចេញផែនការហើយធ្វើមិនបាន។