មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានរៀបចំវគ្គ បណ្ដុះបណ្ដាលស្ដីពី ការជំរុញ និងពន្លឿនស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រយៈ ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំភោជនីយដ្ឋានលីហួត ស្ថិតនៅក្នុងក្រុងព្រះវិហារ ក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្ត និងមានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង/ស្រុកទាំង៨ មន្ទីរអង្គភាពពាក់ព័ន្ធ និង អង្គការដៃគូរជាច្រើនរូប។

យោងតាមរបាយការណ៍របស់លោកស្រី ឆាយ សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា គិតត្រឹមខែសីហារ ឆ្នាំ២០២៣នេះ អត្រាគ្របដណ្ដប់អនាម័យទូទាំងខេត្តស្មើ និង៦៨% ក្នុងនោះភូមិនិងឃុំ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មាន៤៦ភូមិ ក្នុង២៣២ ភូមិ និងឃុំមាន ៤ឃុំ ក្នុងចំណោម៥១ឃុំសង្កាត់ទូទាំងខេត្តព្រះវិហារ។ ក្នុងនោះស្រុកជ័យ សែនមានអត្រាគ្របដណ្ដប់អនាម័យ ស្មើនិង៧៦% ស្រុកឆែប៦៨% ស្រុកជាំក្សាន្ត៧០% ស្រុកគូលែន៦៧% ស្រុករវៀង៦៨% ស្រុកសង្គមថ្មី៥៣% ស្រុកត្បែងមានជ័យ៧៤% និងក្រុង ព្រះវិហារ៨០%។ ដោយផ្អែកលើទិន្ន័យនេះទូទាំងខេត្តព្រះវិហារភាគរយនៃខ្នងផ្ទះ ដែលគ្មានបង្គន់ អនាម័យប្រើប្រាស់៣២%

នាឱកាសនោះ លោក អ៊ុក គឹមសាន្ត បានថ្លែងអំណរគុណទៅដល់អង្គការ UNICEF ដែលបាន​សហការ​ជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធមួយចំនួន រួមជា មួយអាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ ដែលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពន្លឿនស្ថានភាព​បញ្ចប់ ការបន្ទោបង់​ពាសវាលពាសកាលនាថ្ងៃនេះ។

លោកក៏បានផ្ដល់ក្ដីសង្ឃឹមថា វគ្គបណ្ដុះបណ្ដាលនាថ្ងៃ នេះ គឺជាធាតុចូលដ៏សំខាន់ក្នុងការផ្ដល់នូវ​បទពិសោធន៍ ​និងចំណេះដឹងល្អៗ ក៏ដូចជាគន្លឹះសំខាន់ៗ ទៅដល់សិក្ខាកាមទាំងអស់ដែលបាន​ចូលរៀននៅក្នុងវគ្គនេះ។ លោកក៏បានជម្រុញទៅដល់សិក្ខាកាម ទាំងអស់ត្រូវយកចិត្តទុកដាក់​ខ្ពស់​ក្នុងការស្ដាប់ និងតាមដាននូវការពន្យល់របស់គ្រូឧទ្ទេស​ ដែលមាន បទពិសោធន៍ក្នុងការងារ​ជំរុញ​បំផុសប្រជាពលរដ្ឋលើការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ។

លោកសង្ឃឹមថា លោក លោកស្រី ដែលជាសិក្ខាកាមទាំងអស់ និងយកចំណេះដឹងពីវគ្គបណ្ដុះ បណ្ដាល​នា​ថ្ងៃនេះទៅដឹកនាំបំផុស និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន​ដើម្បី​ឲ្យពួកគាត់ ចូលរួមអនុវត្តន៍លើ​ការសាងសង់ និងប្រើប្រាស់បង្គន់អនាម័យ​នៅតាមមូលដ្ឋាន​របស់​ពួកគាត់ ដើម្បីឲ្យខេត្តយើងក្លាយទៅជាខេត្តទទួលបាន​ ការបញ្ចប់ការបន្ទោបង់ពាសវាលពាស​កាលក្នុងឆ្នាំ២០២៥ ​ខាងមុខឆាប់ៗនេះ៕

CATEGORIES
Share This