កម្ពុជាទទួលជាម្ចាស់ផ្ទះ ប្រធានដឹកនាំបណ្តាញសហគ្រិនស្ត្រីអាស៊ាន អាណត្តិទី៥ បន្ទាប់ពីឥណ្ឌូនេស៊ី

ភ្នំពេញ៖ បណ្តាញសហគ្រិនស្ត្រីកម្ពុជា( CAMBODIA WOMAN ENTREPRENEUR NETWORK – CAWEN” ) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំសហគ្រិនស្ត្រីឆ្នើមចំនួន១៥រូប ទៅទទួលពានរង្វាន់សហគ្រិនឆ្នើមប្រចាំតំបន់អាស៊ាន និងគណៈអធិបតី ចំនួនសរុប២៩រូប ចូលរួមកម្មវិធីផ្ទេរដំណែងម្ចាស់ផ្ទះពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ នេះជាលើកទី៧ ដែលសហគ្រិនស្ត្រីកម្ពុជាមានចំនួនសរុប ៦២រូប ដែលបាននាំទង់ជាតិសហគ្រិនកម្ពុជាទទួលបានពានរង្វាន់ថ្នាក់តំបន់អាស៊ាន នេះជាសមិទ្ធិផល សក្តានុភាព និងកិត្តិនាមដ៏អស្ចារ្យសំរាប់សហគ្រិនស្ត្រីកម្ពុជាយើង ។

សូមជំរាបជូនថា បណ្តាញសហគ្រិនស្រ្តីកម្ពុជា Cambodian Women Entrepreneurs’ Network (CamWEN) មានបេសកកម្មបង្កើត ពង្រឹង និងពង្រីកកាលានុវត្តភាពក្នុងការអភិវឌ្ឍន៍ សហគ្រិនភាពស្រ្តីនៅកម្ពុជានៅក្នុងកម្រិតជាតិតំបន់ និងអន្តរជាតិ តាមរយៈការលើកកម្ពស់បណ្តាញទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ ការប្រមូលផ្តុំសម្លេងដ៏រឹងមាំរបស់ស្រ្តីជាសហគ្រិននិងអាជីវករ ក៏ដូចជាភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សម្រាប់ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ហើយបណ្ដាញសហគ្រិនស្ត្រីកម្ពុជាយើងមានគោលបំណងសំខាន់ៗ៖

-សម្របសម្រួល និងជំរុញការបង្កើត ពង្រឹង និងពង្រីកបណ្តាញទំនាក់ទំនង ជួយគាំទ្រគ្នាទៅវិញទៅមក ការចែករំលែកព័ត៌មាន និងមេរៀនបទពិសោធន៍ពាក់ព័ន្ធ នឹងការអភិវឌ្ឍ សហគ្រិនភាពស្ត្រី

-បញ្រ្ជាបយេនឌ័រទៅក្នុងវិស័យធុរៈកិច្ចនៅកម្ពុជា ក្នុងតំបន់ និង អន្តរជាតិ

-លើកកម្ពស់ភាពចម្រុះ និងបរិយាប័ន្ន ក្នុងការឆ្លើយតប លើ បញ្ហានិងតម្រូវការរបស់ស្រ្តីក្នុងវិស័យ ធុរកិច្ចសហគ្រាស ខ្នាតមីក្រូ តូច និងមធ្យម

-ប្រមូលផ្តុំនិងលើកកម្ពស់ភាពជាតំណាងសម្លេងរបស់ស្រ្តីជាសហគ្រិន រួមទាំងសហគ្រិនស្រ្តីវ័យក្មេង ក្នុងវិស័យធុរកិច្ច នៅ ក្នុង កិច្ចសន្ទនា រវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន

-ដើរតួនាទីជាតំណាងសហគ្រិនស្ត្រីកម្ពុជា ដើម្បីចូលរួម ជាតំណាង ចែករំលែក បទពិសោធន៍ កិច្ចសហការ និងភ្ជាប់បណ្ដាញទំនាក់ទំនងជាមួយនឹងបណ្ដាញ សហគ្រិន ស្ត្រី អាស៊ាន (ASEAN Women Entrepreneurs Network, AWEN) និង បណ្ដាញ សហគ្រិននានា ព្រមទាំង សហគមន៍ ផ្សេងៗក្នុងតំបន់ និងលើឆាកអន្តរជាតិ ។

ក្នុងនាមយើងជាម្ចាស់ផ្ទះប្រធានដឹកនាំបណ្តាញសហគ្រិនស្ត្រីអាស៊ាន អាណត្តិទី៥ យើងខ្ញុំសូមប្រកាស និងអំពាវនាវដល់សមាគមន៍អង្គការ ស្ថាបន័ និងក្រសួងដែលពាក់ពន្ធ័ទាំងអស់សូមអញ្ជើញចូលរួម និងគាំទ្រអោយបានច្រើនកុះករ៕

CATEGORIES
Share This