លោក អ៊ុំ រាត្រី ជួបសំណេះសំណាលសមាជិក គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុក ជាង២០០០នាក់

បន្ទាយមានជ័យ ៖ លោក  អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០២៣ បានអញ្ជេីញសំណេះសំណាល និងថ្លែងអំណរគុណដល់ក្រុមការងារ និងតំណាងសមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុក​ ជាង២០០០នាក់ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់​ លោក​ បោន​ ប៊ិន​ សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក​ ឯកឧត្តម​ លោកជំទាវ​ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុក​ ក្រុមការងារចុះឃុំ​ និងភូមិ ប្រមាណជាង២០០០នាក់​ នៅភោជនីយដ្ឋាន​ លី​ គ្រុះ​ ស្ថិតក្នុងភូមិមាត់ស្រះ​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានមានជ័យ។

លោក​ អ៊ុំ​ រាត្រី​ បានថ្លែងអំណរគុណដល់សមាជិក-សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុកទាំងអស់​ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ រហូតទទួលបានជ័យជម្នះ​ ជាពិសេសគាំទ្រ​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នីតិកាលទី៧ ។

លោកបញ្ជាក់ថា​ ការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺជាការបោះឆ្នោតមួយដែលមានលក្ខណៈសេរី, យុត្តិធម៌, ត្រឹមត្រូវ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតដល់ជាង៨លាន២សែននាក់​ស្មើនឹង ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត របស់ គ.ជ.ប ហើយក្នុងនេះ សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣ % ។

លោកបន្តថា​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី​ ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នីតិកាលទី៧នេះ​ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ៥យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់ បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះសម្រាប់ដំណើរទៅមុខរបស់កម្ពុជា នឹងដាក់ចេញ ព្រមទាំងជំរុញអនុវត្តឱ្យបានជោគជ័យ នូវ «យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១» សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ៕

CATEGORIES
Share This