មនុស្សជាច្រើននាក់ រងការប៉ះទង្គិចផ្លូវដង្ហើម បន្ទាប់ពីធ្លាយចំហាយអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកក

ភ្នំពេញ ៖ មនុស្សប្រុសស្រីច្រើននាក់ ខ្លះដួលសន្លប់ ខ្លះទៀតថប់ដង្ហើម និងហូរទឹកភ្នែក ត្រូវបានរថយន្តសាម៉ុយ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានការធ្លាយចំហាយ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុគេបានឃើញផ្សែងហ៊ុយចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ដោយសង្ស័យថាជាករណីអគ្គិភ័យ ភ្លាមៗនោះប្រជាពលរដ្ឋ បានផ្តល់ដំណឹងទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ។

ក្រោយទទួលដំណឹងនេះភ្លាម មន្ត្រីជំនាញអគ្គិភ័យបានធ្វើដំណើរទៅកាន់ទីតាំងកើតហេតុ ទើបដឹងថា មិនមែនជាករណីអគ្គិភ័យនោះទេ គឺជាការធ្លាយចំហាយឧស្ម័ន អាម៉ូញ៉ាក់ ចេញពីទីតាំងរោងចក្រផលិតទឹកកកខាងលើ ។

នៅក្នុងហេតុការណ៍នេះ មនុស្សប្រុសស្រី ទាំងចាស់ទាំងក្មេង ដែលរស់នៅជុំវិញតំបន់កើតហេតុ ស្រូបក្លិនចំហាយទាំងនោះចូលផ្លូវដង្ហើម បណ្តាលឲ្យមានអ្នកដួលសន្លប់ ថប់ដង្ហើម និងហូរទឹកភ្នែក ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះជាបន្តបន្ទាប់ ។

សូមរម្លឹកថា៖ ករណីធ្លាយចំហាយ អាម៉ូញ៉ាក់នេះ មិនមែនជាលើកទីមួយនោះទេ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឲ្យដឹងថា កន្លងមកក៏ធ្លាប់មានការធ្លាយចំហាយអាម៉ូញ៉ាក់នេះដែរ ព្រមទាំងធ្លាប់មនុស្សស្លាប់ ដោយសារស្រូបក្លិនចំហាយទាំងនេះ និងសង្គ្រោះមិនទាន់ពេលវេលា ។

ពលរដ្ឋផ្សេងទៀតបានបន្ថែមថា៖ ជារៀងរាល់ឆ្នាំ រោងចក្រផលិតទឹកកកខាងលើនេះ តែងតែមានការធ្លាយចំហាយ អាម៉ូញាក់នេះ ច្រើនដង ក៏ប៉ុន្តែជាទ្រង់ទ្រាយតូច គ្រាន់តែជះក្លិនមិនល្អតែប៉ុណ្ណោះ ។

ក្រោយកើតហេតុ គេឃើញមានវត្តមានលោកអភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមន្ត្រីជាប់ពាក់ព័ន្ធ និងសមត្ថកិច្ចចម្រុះ ចុះទៅដល់ទីតាំងកើតហេតុ ធ្វើការត្រួតពិនិត្យទីតាំងខាងលើ និងធ្វើការស្រាវជ្រាវ ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕

CATEGORIES
Share This