ឃាត់ខ្លួនបានហើយ យុវជនម្នាក់ក្នុងចំណោមបក្ខពួក៦នាក់ ដែលជិះម៉ូតូបង្កហឹង្សាតាមផ្លូវសាធារណ: នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបានយុវជនម្នាក់ ក្នុងចំណោមបក្សពួក ៦នាក់កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីវាយ និងគប់គ្នាយ៉ាងអនាធិបតេយ្យ លើដងផ្លូវសាធារណៈ នៅទីប្រជុំជនសិរីសោភ័ណ កាលពីថ្ងៃទី៣១ ម្សិលមិញ ។

លោកវរសេនីយ៍ឯក ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់បានជនសង្ស័យម្នាក់ឈ្មោះ សួរ គឹមសៀន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមទឹកថ្លា សង្កាត់ទឹកថ្លា ។

សូមបញ្ជាក់ថា កាលពីថ្ងៃទីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣  មានករណីហឹង្សាចេតនាមួយ បង្កឡើងដោយក្រុមក្មេងស្ទាវ ចំនួន០២ក្រុម មានគ្នាប្រហែល ២០នាក់ ម៉ូតូប្រហែល១០គ្រឿង (កំណត់អត្តសញ្ញាណមិនទាន់បាន) បានធ្វើសកម្មភាពជិះម៉ូតូ ដេញវាយ និងគប់គ្នាទៅវិញទៅមក ប្រដាប់ដោយដុំថ្ម និងមួកសុវត្ថិភាព នៅចំណុចមុខសាលារៀនគោរដ្ឋាន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ បន្ទាប់ពីធ្វើសកម្មភាពរួច ក៏បាននាំគ្នាជិះម៉ូតូរត់គេចពីកន្លែងកើតហេតុអស់ទៅ ។

ចំពោះមុខសមត្ថកិច្ច ឈ្មោះ សួរ គឹមសៀន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាព នៅចំណុចកើតហេតុទីនោះពិតមែន ចំណែកបក្សពួករបស់គេ មានគ្នា៦នាក់ កំពុងរត់គេចខ្លួន ។ ឈ្មោះ ហេង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា (ជាអ្នកយកមួកសុវត្ថិភាពគប់ទៅលើក្រុមម្ខាងទៀត) ។ និងក្រុមម្ខាងទៀតកំពុងគេចខ្លួនផងដែរ ។

បច្ចុប្បន្នកម្លាំងនគរបាលផែនព្រហ្មទណ្ឌ កំពុងបន្តការស្រាវជ្រាវ ស្វែងរកពួកជនសង្ស័យ ដែលកំពុងរត់គេចខ្លួន ។ រីឯជនសង្ស័យដែលបានឃាត់ខ្លួន កម្លាំងនគរបាលការិយាល័យកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់ ៕

CATEGORIES
Share This