មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បន្តចុះចាក់វ៉ាក់សាំងការពារដុំពកស្បែក ដល់សត្វគោក្របីប្រជាពលរដ្ឋក្នុងភូមិសំបូរ

ប៉ៃលិន៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាល ក្រោមឳវាទ សហការជាមួយមេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ បានបន្តចុះចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកសត្វគោ ជូនបង-ប្អូនប្រជាពលរដ្ឋក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានចំនួន ២៣០ក្បាល។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឲ្យដឹងថា៖ តាមផែនការ យើងត្រូវចាក់វ៉ាក់សាំងការពារជំងឺជូនសត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋអោយបាន៨០% នៃចំនួនសត្វគោ ក្របីសរុប ហើយនៅក្នុងឆមាសទី១ យើងសម្រេចបានការចាក់វ៉ាក់សាំងសត្វគោ ក្របី បានចំនួន៨២០០ក្បាល ស្មើនឹង៤០% និងកំពុងប្រឹងប្រែងបន្តចាក់វ៉ាក់សាំងនេះ អោយគ្រប់ទៅតាមផែនការ។

លោកប្រធានមន្ទីរ បានបន្តថា វ៉ាក់សាំងដែលមន្រ្តីជំនាញកសិកម្ម យកទៅចាក់ជូនដល់សត្វគោ ក្របីប្រជាពលរដ្ឋ មានវ៉ាក់សាំងការពារជំងឺសាទឹក ជំងឺអុតក្តាម និងជំងឺដុំពកស្បែក។ លោកក៏បានអំពាវនាវសូមអោយប្រជាពលរដ្ឋ លោកមេភូមិ និងអ្នកពាក់ព័ន្ធទាំងអស់ រួមសហកាគ្នាក្នុងការងារចាក់វ៉ាក់សាំងនេះ ពិសេសសូមអោយប្រជាពលរដ្ឋកុំប្រញាប់ប្រលែងសត្វគោ ក្របីរបស់ខ្លួនទៅឃ្វាល ឬប្រមូលគោ ក្របី របស់ខ្លួនអោយបានរួចស្រេច ងាយស្រួលមន្រ្តីជំនាញចាក់វ៉ាក់សាំងជូន។

សូមបញ្ជាក់ថា គិតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ មន្រ្តីជំនាញផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានចាក់វ៉ាក់សាំងជូនសត្វគោ របស់បងប្អូនប្រជាពលរដ្ឋបានចំនួន១៣១២៨ក្បាល ក្នុងនោះសាទឹកបានចំនួន៤២៧០ក្បាល អុតក្តាម៤១៥២ក្បាល និងជំងឺដុំពកស្បែកបានចំនួន៣៨០៣ក្បាល៕

 

 

 

CATEGORIES
Share This