សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងជាងកន្លះគីឡូក្រាមនៅស្រុកដងទង់

កំពត៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ងួន អៀម ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិកែវក្រសាំង ​សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប និងរឹបអូសគ្រឿងញៀនជាងកន្លះគីឡូក្រាម។

ប្រតិបត្តិការចុះបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០នាទី បន្ទាប់ពីបានទទួលព័ត៌មានពីភ្នាក់ងារសម្ងាត់រាយការណ៍មកថា ជនសង្ស័យខាងលើយកថ្នាំញៀន ទៅចែកចាយនៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិបរ ក្នុងឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

សមត្ថកិច្ច បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត​ និងមានការឯកភាពពីឯកឧត្តម ​ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃ​អយ្យការអមសាលាដំបូងខេត្តកំពត កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត ដឹកនាំ​ដោយលោកវរសេនីយ៍ឯក សុខ ចាន់ដារ៉ា ​ស្នងការរង ជួយផែនការងារប្រឆាំងគ្រឿងញៀន ធ្វើ​យុទ្ធនាការបង្ក្រាប ហើយក៏ប្រទះឃើញជនសង្ស័យកំពុងយកថ្នាំញៀនមកលក់ពិតប្រាកដមែន ។

ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ច បានរិបអូសវត្ថុតាង និងសាធាតុញៀនជាងកន្លះគីឡូក្រាម ក្នុងនោះ​មាន ថ្នាំញៀន ១៣កញ្ចប់ , ថ្នាំញៀន WY ២៧គ្រាប់, ជញ្ជីង​អេឡិចត្រូនិច ២គ្រឿង, ម៉ូតូ ០១គ្រឿង, ទូរស័ព្ទ ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ​កំលាំងជំនាញបាននាំមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

CATEGORIES
Share This