ទះ ៥កំផ្លៀង រួចទារសំណង៥០០ដុល្លារ ដោយសារជិះម៉ូតូឆ្កូតរថយន្តទំនើប

ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូទៅប៉ះរថយន្តទំនើបបណ្តាលឱ្យឆ្កូតថ្នាំបន្តិច ប៉ុន្តែត្រូវស្ត្រីម្ចាស់រថយន្តទះ ៥កំផ្លៀង រួចទារសំណង ៥០០ដុល្លារ ព្រមទាំងយកម៉ូតូនោះទៅដាក់ច្រវ៉ាក់ ហើយដកសោរម៉ូតូ ដើរចូលពេទ្យបាត់ កាលពីវេលាម៉ោង ៥ព្រឹក និងបង្កការភ្ញាក់ផ្អើលដល់ម៉ោង ១១:៤០នាទីព្រឹក ថ្ងៃ៣០ ខែសីហា ឆ្នាំ២០២៣ នៅមុខមន្ទីរពហុព្យាបាលមួយ ស្ថិតក្នុងមូលដ្ឋានស្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមការឱ្យដឹងពីយុវជនដែលជាម្ចាស់ម៉ូតូ បានឲ្យដឹងថា ត្រឹមលុយ ៥០០ដុល្លារ គាត់មានសមត្ថភាពសង តែហេតុអីទះគាត់៥កំផ្លៀង ថែទាំងជេរប្រមាថ ហើយយកសោរច្រវ៉ាក់ទៅចាក់ម៉ូតូគាត់ ព្រមទាំងដកសោរម៉ូតូចេញ និងមិនដោះស្រាយជាមួយគាត់ដូច្នេះ។ ចំណែកម្តាយយុវជនខាងលើក៏បានឱ្យដឹងដែរថា នឹងសង៥០០ដុល្លារ តែនឹងដាក់ពាក្យបណ្តឹងទារ ៣០០០ដុល្លារវិញ ករណីទះកូនគាត់៥កំភ្លៀង។

ក្រោយកើតហេតុ សមត្ថកិច្ចបានទៅដល់ តែភាគីខាងរថយន្តមិនព្រមចុះមកដោះស្រាយជាមួយម្ចាស់ម៉ូតូឡើយ៕

CATEGORIES
Share This