ភ្នំពេញ ៖ សម្ដេច នាយករដ្ឋមន្ដ្រី នឹងអនុញ្ញាតឲ្យប្រតិភូ កីឡាករ-កីឡាការិនី ពិសេសម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលភ្លាមៗ បន្ទាប់ពីថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិកទាំងអស់ បញ្ចប់បេសកកម្ម និងត្រឡប់មកដល់មាតុភូមិវិញ នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងនាយបេសកកម្ម បានឲ្យដឹងថា ស្របពេលកម្ពុជា កំពុងឈ្នះមេដាយមាស ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿងបណ្ដោះអាសន្ន នៅក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់ស្ថាប័នថ្នាក់ដឹកនាំកីឡា ដោយមានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវរៀបចំនូវក្បួនដង្ហែយ៉ាងអធិកអធមបំផុត អមដោយម៉ូតូធំចំនួន ៦គ្រឿង ដើម្បីអបអរសាទរម្ចាស់មេដាយមាសកីឡាអាស៊ី បន្ទាប់ពីធ្វើដំណើរនិវត្តន៍មកដល់មាតុភូមិវិញ នាល្ងាចថ្ងៃទី០៣ ខែកញ្ញា ។
ឯកឧត្តម បន្ដថា អ្វីដែលពិសេសនោះ គឺសម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងអនុញ្ញាតឲ្យប្រតិភូ និងកីឡាករ-កីឡាការិនី ពិសេសគឺម្ចាស់មេដាយមាសកីឡាអាស៊ីផ្ទាល់តែម្ដង ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលភ្លាមៗតែម្ដង ក្រោយធ្វើដំណើរពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅវិមានសន្ដិភាព ។ ជាមួយនឹងកាយវិការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះ ក្នុងនាមនាយបេសកកម្ម និងកីឡាករ-កីឡាការិនី បានសម្ដែងនូវការគោរពដឹងគុណ និងជំរុញឲ្យកីឡាករ-កីឡាការិនីកាន់តែមានកម្លាំងចិត្តក្នុងការប្រកួតប្រជែងស្វែងរកមេដាយជូនជាតិបន្ថែមទៀត ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែសីហានេះ ការប្រកួតកីឡាអាស៊ី លើកទី១៨ នៅឥណ្ឌូនេស៊ី មិនទាន់បញ្ចប់នោះទេ ស្របពេលកម្ពុជា កំពុងឈរលេខរៀងទី២២ បណ្ដោះអាសន្ន ដោយមានមេដាយមាស ២ និងសំរឹទ្ធ ១ ។ ប៉ុន្ដែកម្ពុជា នៅតែមានក្ដីរំពឹងឈ្នះមេដាយបន្ដទៀត ពិសេសកីឡាសូហ្វតេន្នីស ដែលនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃស្អែក ហើយថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ក៏សង្ឃឹមថា សូហ្វតេន្នីស នឹងដណ្ដើមបានមេដាយមាសជូនជាតិបន្ថែមទៀតផងដែរ ៕