រដ្ឋបាលខេត្តព្រះវិហារ ដាំដើមឈើចម្រុះជិត១០០០ដើម ដើម្បីអបអរបុណ្យរុក្ខទិវា៩ កក្កដា

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធពិធីដាំកូនឈើប្រណិត និងកូនឈើហូបផ្លែជិត ១០០០ដើម ក្នុងបរិវេណសាលាបឋម​សិក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដើម្បីអបអរសាទរ បុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២នេះ ពិធីនេះ​ប្រារព្ធ​ធ្វើឡើង​ក្រោមអធិបតីភាព​ឯកឧត្តម គីម រិទ្ធី ​អភិបាលខេត្តព្រះវិហារ មន្ទីរអង្គភាពជុំវិញខេត្ត ។

ក្នុងពិធីនោះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បាន​ឱ្យដឹងថា ពិធីដាំកូនឈើនៅក្នុងថ្ងៃនេះ ​ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ​បានដាំកូនឈើ​ប្រភេទ​ចម្រុះសរុបចំនួនជិត១០០០ដើម ក្នុងនោះកូនឈើក្រញូង១០០ដើម កូនឈើបេងចំនួន២០០ដើម និងកូនឈើធ្នង់ចំនួន៧០០ដើម ដាំក្នុងបរិវេន​សាលាបឋមសិក្សាទំនប់ ស្ថិតក្នុងភូមិទំនប់ ឃុំប៉ាលហាល ក្រុងព្រះវិហារ ។

លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ បានបន្ថែមទៀតថា ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ក៏បាន​ចូលរួម​ចំណែកចែកកូនឈើហូបផ្លែសរុបចំនួន៦០០ដើម ក្នុងនោះមានកូនស្វាយចំនួន២០០ដើម កូនខ្នុរចំនួន២០០ដើម កូនអំពិលផ្អែមចំនួន១០០ដើម និងកូនទៀបបារាំងចំនួន១០០ដើម ជូនដល់ប្រជាពលរដ្ឋយកទៅដាំនៅក្នុងលំនៅដ្ឋានផងដែរ។

ជាមួយនោះដែរ ឯកឧត្តម គីម រិទ្ធី ​អភិបាលខេត្តព្រះវិហារ ​បាន​កោត​សរសើរ​ដល់​មន្ទីរកសិកម្មរុក្ខា​ប្រមាញ់ ​និងនេសាទខេត្ត ​និងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ដែលបានយក​អស់​កម្លាំង​កាយចិត្ត ក្នុងការជួយ​ដល់ប្រជាពលរដ្ឋខេត្តព្រះវិហារ ​ឱ្យទទួលបាន​ជោគជ័យ ក្នុងការផលិត​ស្រូវ​សរីរាង្គ​លក់​អោយ​ក្រុមហ៊ុន​ ។

ឯកឧត្តម ក៏​បាន​ជំរុញឱ្យ​មន្ទីរជំនាញជុំវិញខេត្ត ​ត្រូវ​បន្តសកម្មភាព​ក្នុង​ការការពារព្រៃឈើ​ឱ្យ​បាន​គងវង់​ជាប្រយោជន៍​សម្រាប់ក្មេងជំនាន់​ក្រោយ​ និ​ង​សង្គមជាតិ​យើងទាំងមូលផងដែរ។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ខែមករា ឆ្នំា២០២៣ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៣ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ លទ្ធផលបង្ក្រាបបា​ន ចំនួន ២៧ករណីស្មើ នឹង៣៣ម៣១៨២ ក្នុងនោះ បញ្ជូនទៅតុលាការចំនួន ២១ករណី និងបញ្ជូនទៅរដ្ឋបាលព្រៃឈើចំនួន០៦ករណី ៕

CATEGORIES
Share This