Connect with us

ព័ត៌មានជាតិ

ច្បាប់ចំនួន៤ ត្រូវបានលើកយកមកផ្សព្វផ្សាយ ក្នុងសិក្ខាសាលាស្តីអំពី ការយល់ដឹងពីការធ្វើអាជីវកម្ម របស់ពាណិជ្ជករកម្ពុជា

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលា ស្តីអំពី ការយល់ដឹងពីការធ្វើអាជីវកម្មរបស់ពាណិជ្ជករកម្ពុជា ដើម្បីកាត់បន្ថយបញ្ហាប្រឈមផ្នែកផ្លូវច្បាប់ ដោយលើកច្បាប់ចំនួន០៤ មកធ្វើការផ្សព្វផ្សាយ ដល់សិក្ខាកាម ។

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមានចូលរួមពីសំណាក់ អស់លោកលោកស្រីម្នាស់អាជីវកម្ម និងអាជីវករក្នុងខេត្ត ជាង២០០នាក់ទៀតចូលរួមផងដែរ ។ 

ច្បាប់ទាំង៤ ដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ក្នុងសិក្ខាសាលានេះ មាន ៖ ១-ច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ២-ច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ គាំទ្រ និងលើកកម្ពស់ដល់ធុរកិច្ច, ៣-ច្បាប់ ស្តីពីការប្រកួតប្រជែង, ៤-ច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ។ 

ឯកឧត្តម ម៉ៅ ថូរ៉ា មានប្រសាសន៍ថា សិក្ខាសាលានេះ គឺក្នុងគោលបំណង ដើម្បីផ្តល់ឱកាសដល់អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស នៅក្នុងខេត្តបន្ទាយមានជ័យ បានយល់ដឹងអំពីច្បាប់ពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួនដើម្បី កាត់បន្ថយបញ្ហាប្រឈមនានា ដែលជាគន្លឹះជំរុញឲ្យការធ្វើអាជីវកម្មមានភាពរឹងមាំ បង្កើតបរិយាកាសអាជីវកម្មប្រកបដោយការប្រកួតប្រជែង និងមានភាពស្មោះត្រង់ ។ តាមរយៈសិក្ខាសាលានេះ អាជីវករ ពាណិជ្ជករ សិស្សនិស្សិត ត្រូវយល់ដឹងឲ្យបានច្បាស់ អំពីច្បាប់ទាំងនេះ មុននឹងចាប់ផ្តើមការធ្វើអាជីវកម្មអ្វីមួយ ។ 

ជាមួយគ្នានេះលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កន្លងមកមន្ត្រីនគរបាលយុត្តិធម៍ បានធ្វើការពិនិត្យរាល់បទល្មើស ដែលមានចែងក្នុងច្បាប់ ដូចជា ៖ ត្រួតពិនិត្យ ធ្វើការស្រាវជ្រាវ ប្រមូលទិន្នន័យ និងធ្វើការសាកសួរបុគ្គលពាក់ព័ន្ធឲ្យផ្តល់ព័ត៌មាន ឯកសារ ឬវត្ថុផ្សេងៗ សម្រាប់ធ្វើការវាយតំលៃ រាល់សកម្មភាពប្រគួតប្រជែងលើទីផ្សារ និងស្វែងរករាល់បទល្មើស ដែលស្ថិតក្នុងច្បាប់ទាំងនេះ ។ 

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ទណ្ឌកម្មនៅក្នុងច្បាប់រួមមាន ១-ការព្រមានជាលាយលក្ខណួអក្សរ, ២-ផាកពិន័យជាប្រាក់, ៣-ទោសវិន័យជាប្រាក់ និងទិសដាក់ពន្ធនាគារ, ៤-ការព្យួរ ការដកហូតឬលុបចោលវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជី ពាណិជ្ជកម្ម អាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងសេវាកម្មជាដើម ៕

ដោយ ៖ KPN