នាយករដ្ឋមន្ត្រី៖ គ្រប់គណបក្សដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ អាចក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់

រាជធានីភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ឱ្យសហការរៀបចំស្នើព្រះរាជក្រឹត្យមួយ ប្រកាសរៀបចំឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាថ្មីឡើងវិញ។ នេះជាការប្រកាសរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា។

ក្នុងអាណត្តិទី៧នេះ សមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងអនុញ្ញាតឱ្យគ្រប់គណបក្សចូលរួម ទាំងបក្សបានឈរឈ្មោះបោះឆ្នោត ទាំងបក្សមិនបានចូលរួមបោះឆ្នោត ឱ្យតែបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា ដើម្បីលើកកម្ពស់ភាពរស់រវើកនៃប្រព័ន្ធពហុបក្សសម្រាប់ដំណើរការប្រជាធិបតេយ្យសេរីនៅកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចជាគោលការណ៍ឱ្យបន្តរៀបចំយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើម្បីរាជរដ្ឋាភិបាលអាចទទួលបាននូវធាតុចូល ដែលមានចរិតជាទស្សនៈពហុគំនិតពីគណបក្សនយោបាយនានា ក្នុងការស្ថាបនាសម្រាប់ផលប្រយោជន៍ជាតិ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវចែកជា២ប្រភេទ គឺទី១.ជាសមាជិកគណបក្សស្ថាបនិក ដែលបានចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានចុះឈ្មោះចូលរួមជាសមាជិកដំបូងនៃឧត្តមក្រុមប្រឹក្សាមួយនេះ ក្នុងរយៈពេល២សប្តាហ៍ បន្ទាប់ពីព្រះរាជក្រឹត្យចូលជាធរមាន និងទី២. សមាជិកធម្មតា ដែលបានស្នើសុំចូលជាសមាសភាពឧត្តមក្រុមប្រឹក្សានេះ នៅពេលក្រោយ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា សមាជិកគណបក្សស្ថាបនិក នឹងអនុញ្ញាតឱ្យមានសមាសភាពប្រតិភូចំនួន៣រូប ដែលក្នុងនោះ ប្រធានប្រតិភូ មានឋានៈស្មើទេសរដ្ឋមន្រ្តី អនុប្រធានប្រតិភូ មានឋានៈស្មើរដ្ឋមន្រ្តី ហើយសមាជិកប្រតិភូ មានឋានៈស្មើនឹងរដ្ឋលេខាធិការ ព្រមទាំងអនុញ្ញាតឱ្យប្រធានប្រតិភូមានជំនួយការ២នាក់ថែមទៀត៕

CATEGORIES
Share This