ពលរដ្ឋរងគ្រោះ ក្នុងទំនាស់ដីធ្លីរាំរ៉ៃ ស្នើអោយអាជ្ញាធរជួយរកយុត្តិធម៌

បន្ទាយមានជ័យ ៖ ពលរដ្ឋ១៧០គ្រួសារ មានបញ្ហាទំនាស់ដីធ្លីរាំរ៉ៃ ជាមួយពលរដ្ឋ១៤គ្រួសារ នៃដីតំបន់ភ្នំព្រះ ស្ថិតនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជួយដោះស្រាយ និងរកយុត្តិធម៌ជូនពួកគាត់ បន្ទាប់ពីបានដាំដុះដំឡូង ឬពោត ត្រូវបានក្រុមម្ខាងទៀត យកគ្រឿងចក្រឈូសចោលអស់ ។

បើតាមការអោយដឹងពីលោក សំ វុត្ថា តំណាងអោយប្រជាពលរដ្ឋ១៧០គ្រួសារ បានអោយដឹងថា ពួកគាត់មានការលំបាកខ្លាំង ដោយសារមានទំនាស់ដីធ្លី តាំងពីឆ្នាំ២០០០ បន្ទាប់ពីពួកគាត់ បានចូលកាប់ទន្រ្ទានដីព្រៃភ្នំព្រះ ដែលមានទីតាំងនៅស្រុកថ្មពួក យកធ្វើកម្មសិទ្ធ ដោយកាលនោះ មានការតានតឹងខ្លាំង រដ្ឋបាលព្រៃឈើ តែងចុះចាប់ និងហាមឃាត់តែពួកគាត់នៅតែចូលអាស្រ័យផល តាមរយៈការដាំដំឡូង និងពោត ។ រហូតក្រោយមក រដ្ឋាភិបាលតាមរយៈយុវជន បានចុះវាស់វែង ផ្តល់ប័ណ្ណកម្មសិទ្ធជូនពលរដ្ឋ ស្រាបតែគេវាស់វែង ចុះបញ្ជីដីដែលពួកគាត់ខំកាប់គាស់អាស្រ័យផល អោយទៅខាង១៤គ្រួសារវិញ ។ ដែលជាហេតុ ពួកគាត់ប្តឹងជំទាស់មិនអោយចេញប័ណ្ណកម្មសិទ្ធ លើដីដែលមានទំនាស់ចំនួនជាង២០០ហិចតា ។ទោះជាយ៉ាងណាក៏ដោយ ពួកគាត់នៅតែអាស្រ័យផលជារៀងរាល់ឆ្នាំ តែបីឆ្នាំចុងក្រោយនេះ ត្រូវបានក្រុមម្ខាងទៀត ដែលមានឈ្មោះ សាម ម៉ាប់ ដែលពួកគាត់អោយលុយទៅរត់ការ ធ្វើប័ណ្ណកម្មសិទ្ធដីទាំងនោះមិនបានអោយពួកគាត់ហើយ ថែមទាំងទៅធ្វើការអោយក្រុមហ៊ុន មកប្រើគ្រឿងចក្រឈូសឆាយ ដំណាំពួកគាត់អស់ ។ ពួកគាត់បានដាក់ពាក្យបណ្តឹង ប្តឹងឈ្មោះ សាម ម៉ាប់ ទៅតុលាការ តែមកដល់ពេលនេះ តុលាការមិនទាន់មានចំណាត់ការឡើយ ។

ជុំវិញករណីនេះ ភាគីទំនាស់ម្ខាងទៀត ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺបានទេ ។ តែបើតាមលោក អែម សុខា អភិបាលស្រុកថ្មពួក បានអោយដឹងថា បញ្ហាទំនាស់ដីធ្លីនេះ កើតឡើងមុនគាត់ មកកាន់ជាអភិបាលស្រុក និងរឿងនេះ បានដល់ថ្នាក់ជាតិ និងតុលាការ ដែលហួសសមត្ថកិច្ចរបស់លោក ៕

CATEGORIES
Share This