ឃាត់ខ្លួនយុវជន២នាក់ ករណីប្រើដុំថ្មគប់កញ្ចក់រថយន្ត អ្នកដទៃ បណ្តាលឲ្យបែក នៅស្រុកមោងឬស្សី

បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បានចុះធ្វើការបង្ក្រាបឃាត់ខ្លួន យុវជន០២នាក់ ក្រោយធ្វើសកម្មភាព ប្រើដុំថ្មគប់កញ្ចក់រថយន្ត អ្នកដទៃ បណ្តាលអោយបែកជាច្រើនកន្លែង ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង​១០និង៤០នាទី ថ្ងៃទី២៦​ ខែ​មេសា​ ឆ្នាំ​២០២២ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបា​ត់ដំបង ដោយចោទប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោ​យ​ចេតនាមានស្ថានទម្ងន់ទោស (គប់កញ្ចក់រថយន្ត) ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន មានឈ្មោះ ធីម លីណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី (អ្នកបើកម៉ូតូ) និងឈ្មោះ វឿត ជាវៃ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី (អ្នកជិះពីក្រោយ) ។ មុនឃាត់ខ្លួន ទាំង០២នាក់បានជិះម៉ូតូចំនួន០១គ្រឿងម៉ាក​ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២​០​២១ ពាក់ផ្លាកលេខបាត់ដំបង​1AM​.01​78​ ធ្វេីសកម្មភាពយកដុំថ្មគប់ទៅ​លេី​កញ្ចក់រថយន្តមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌​ក្រហ​ម ធុនបែនដឹកដី បើកបរដោយឈ្មោះ សុវណ្ណ កា​សុី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិតាង៉ែន ឃុំតាគ្រៀម ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលរថ​យន្តកំពុងបេីកបរ​លេីដងផ្លូវ បណ្ដា​ល​ឱ្យបែកកញ្ចក់មើលខាងក្រោយចំ​ហៀងផ្នែកខាង​ឆ្វេង០១កន្លែង និងស្រាំកញ្ចក់ខាងមុខចំហៀ​ងខាងឆ្វេង​ចំនួន​០២កន្លែង ។

លោ​កវរសេនីយ៍ឯក​ ស​ គឹមឡុង​ អ​ធិ​ការនគរ​បាលស្រុក​មោងឬស្សី​ បានឱ្យដឹងថា​ នៅក្រោយពេលធ្វេីការសា​ក​សួរជន​សង័្សយបា​នឆ្លេីយសារភាពថា​ គេ​ទាំង​ពីរនាក់ ពិតជាបាន​យ​ក​ដុំថ្មគប់​ទៅ​លេីរថយន្តខាងលេីទាំងថ្ងៃប្រាក​ដ​មែន​ ដោ​យ​សារគេខឹងនឹងរថយន្តនេះ បេីកបរចង់កៀរពួកគេដែល​កំ​ពុងជិះលេីដងផ្លូវ​ ប៉ុន្តែខាងអ្នក​បេីកបររថយន្ត គេមានភស្តុតាងនៅក្នុងកាមេរ៉ា ដែ​ល​​បំពាក់លេីរថយន្តនោះមកបញ្ជាក់ថា​ រថយន្តរប​ស់គាត់មិនបានបេីកបរ​ដូចការលេីកឡេីងរបស់ជនសង័្សយ​នោះទេ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សាលី

CATEGORIES
Share This