ក្នុងអាណត្តិលោកជំទាវ បាន ស្រីមុំ ក្រុងប៉ៃលិនមានផ្លូវបេតុងខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់

ប៉ៃលិន ៖ លោក លី សុងហ៊ី អភិបាលក្រុងប៉ៃលិន  ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រហូតមកដល់ពេលនេះ ផ្លូវបេតុងនៅក្នុងក្រុងប៉ៃលិន កាន់តែរីកចម្រើនខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់ ដែលបង្កភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋរស់នៅ និងដឹកកសិផលចេញចូលយ៉ាងរលូន ។

ការលើកឡើងខាងលើ ក្នុងឱកាសដែលលោក បានដឹកនាំមន្ត្រីរដ្ឋបាលក្រុងប៉ៃលិន សហការជាមួយមន្ត្រីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសង្កាត់ទួលល្វា វិស្វករជំនាញ កាលពីដើមសប្តាហ៍កន្លងទៅ ចុះត្រួតពិនិត្យការធ្វើតេស្តគុណភាពផ្លូវបេតុង អាមេមួយខ្សែ មានប្រវែង ៦៧០ម៉ែត្រ គុណនឹងទទឹង៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដែលជាគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេឌីប៊ី(ADB) ។

លោកបន្តទៀតថា ទោះបីជាយ៉ាងណា សូមឱ្យប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ ជួយថែរក្សាសមិទ្ធផលនេះ ឱ្យបានគង់វង់យូរអង្វែង ដោយមិនត្រូវ ដឹកទំនិញលើសទម្ងន់ ដែលនាំឱ្យបាក់បែក ឬស្រុតផ្លូវនោះឡើយ ។ ម្យ៉ាងវិញទៀត ខាងលោក តែងតែណែនាំដល់ឈ្មួញដែលរកស៊ីដឹកដែកស៊ីម៉ង់តិ៍ ឬទំនិញធ្ងន់ៗ ឱ្យផ្ទេរត្រង់ផ្លូវវាងក្រុងដាក់ទៅលើរថយន្តតូចៗ រួចសឹមដឹកយកទៅដាក់តាំងលក់នៅខាងក្នុង ព្រោះបើដឹកធ្ងន់លើសកំណត់ អាចនឹងបង្កឱ្យឆាប់ខូចផ្លូវបេតុង ក៏ដូចជាផ្លូវលំផ្សេងៗទៀតផងដែរ ៕

CATEGORIES
Share This