អធិការស្រុកសង្កែជំរុញអោយមេប៉ុស្តិ៍ថ្មី ត្រូវសហការជាមួយមេឃុំ និងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ

(បាត់ដំបង) ថ្លែងក្នុងពិធីប្រគល់ភារកិច្ចបណ្តោះអាសន្នជូនដល់មន្ត្រីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានជំរុញអោយមេប៉ុស្តិ៍ដែលទើបប្រកាសប្រគល់ភារកិច្ចថ្មី ត្រូវសហការជាមួយមេឃុំ និងត្រូវខិតខំធ្វើកិច្ចការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ទោ យុត តុងហូ បានលើកឡើងថា ក្នុងនាមការងារដឹកនាំប៉ុស្តិ៍ ទីមួយត្រូវមានសាមគ្គីភាពនៅក្នុងកម្លាំងទាំងនាយរងប៉ុស្តិ៍ ទាំងមន្ត្រី ពិសេសប្រជាការពារ ត្រូវតែយកចិត្តទុកដាក់ចំពោះគាត់ ព្រោះគាត់លះបង់ច្រើន ទាំងគ្រួសារ ទាំងពេលវេលា ហើយមិនមានប្រាក់ខែអ្វីនោះទេ ពិសេសត្រូវសហការល្អជាមួយលោកមេឃុំ ដែលជាប្រធានគណៈបញ្ជាការឯកភាពឃុំ បើមិនមានទំនាក់ទំនងសហការគ្នាបានល្អ ការងារក្នុងឃុំនេះគឺមិនដឹងនោះទេ ពីព្រោះប៉ុស្តិ៍រដ្ឋបាលគឺជាសានាធិកាអោយឃុំ។

លោកបន្តថា ពាក់ព័ន្ធនិងប៉ុស្តិ៍រដ្ឋបាលគឺជាតួអង្គសំខាន់មួយ ក្នុងចំណោមតួអង្គទាំង០៥ ដែលត្រូវអនុវត្តជាប្រចាំជូនប្រជាពលរដ្ឋ គឺសេវាសាធារណៈ ពិសេសគឺការងារសន្តិសុខផងដែរ ដែលត្រូវតែយកចិត្តទុកដាក់ ខណៈមួយរយៈចុងក្រោយនេះសំបូរមានជនខិលខូចបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ហើយសមត្ថកិច្ចយើងក៏បង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ថា លោកអនុសេនីយ៍ឯក ញ៉ិល លាប ត្រូវបានថ្នាក់ដឹកនាំជឿទុកចិត្ត និងបានប្រកាសប្រគល់ភារកិច្ចអោយទទួលដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម ជំនួសលោកវរសេនីយ៍ត្រី វ៉ាយ វ៉ារ៉ាន ដែលត្រូវបានចូលនិវត្តន៍។

CATEGORIES
Share This