សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

(បាត់ដំបង) នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ជាមួយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលសន្និបាតនេះប្រព្រឹត្តិទៅនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្នាក់ដឹកនាំនិងសមាជិកលេខាធិការដ្ឋានរៀបចំការបោះឆ្នោតទូទាំង២៥រាជធានី តំណាងបណ្ដាគណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

នាឱកាសនេះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី គ.ជ.ប គ្រប់លំដាប់ថ្នាក់ អាជ្ញាធរគ្រប់មូលដ្ឋាន តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋដែលចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ក្នុងនាមជាប្រជាជាតិខ្មែរ ធ្វើឱ្យការបោះឆ្នោតទទួលបានលទ្ធផលល្អប្រសើរ ទាំងលើទិដ្ឋភាពច្បាប់ និងបច្ចេកទេស។

សម្ដេចបានមានប្រសាសន៍ថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយចាប់ពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន១៨លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។

សម្ដេចក្រឡាហោម ក៏បានបង្ហាញសុទិដ្ឋិនិយមថាការបោះឆ្នោតនាពេលខាងមុខនៅកម្ពុជា នឹងកាន់តែមានលក្ខណៈល្អប្រសើរថែមទៀត ព្រោះនៅក្រោយការបោះឆ្នោត២០២៣នេះ តំណាងគណបក្សនយោបាយ និងអង្គការជាតិ និងអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោត និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងអំពីបរិយាកាសយ៉ាងល្អប្រសើរនៃការបោះឆ្នោត ដោយលើកឡើងថាការបោះឆ្នោតនេះមានសុវត្ថិភាព ឯករាជ្យ មិនលម្អៀង មានវិជ្ជាជីវៈ មានតម្លាភាព និងស្របតាមស្តង់ដាអន្តរជាតិ។

សម្ដេចបញ្ជាក់ទៀតថា ការវាយតម្លៃខាងលើនេះ ជាសូចនាករវាយតម្លៃការបោះឆ្នោត និងជាសមិទ្ធផលថ្មីមួយទៀតនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ហើយសមិទ្ធផលទាំងអស់នេះ កើតឡើងអាស្រ័យដោយគ្រប់ភាគីបានខិតខំរួមគ្នាកែលម្អរដំណើរការបោះឆ្នោត ទាំងក្របខណ្ឌច្បាប់ និងបច្ចេកទេស ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយដោយឈរលើមូលដ្ឋាននៃការប្រមូលអនុសាសន៍ ធាតុចូល ការតាំងចិត្ត និងចូលរួមដោយស្មោះស ពីគ្រប់ភាគីដើម្បីរួមគ្នាលើកកម្ពស់ដំណើរការបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោយចូលរួមប្រកួតប្រជែងចំនួន១៨គណបក្ស ដែលលទ្ធផលផ្លូវការត្រូវបាបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបានចំនួន៥អាសនៈ ក្នុងចំណោមអាសនៈសភាសរុបចំនួន១២៥ ហើយរដ្ឋសភាបានប្រកាសបើកកិច្ចប្រជុំដំបូងនៅថ្ងៃទី២១ ខែសីហា និងបន្តកិច្ចប្រជុំអនុម័តរចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងផ្ដល់សេចក្ដីទុកចិត្តរាជរដ្ឋាភិបាលនីតិកាលថ្មី នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

CATEGORIES
Share This