ស្នងការខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ

បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខ ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីសំណាក់ អស់លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុងស្រុកទាំង០៩ លោកមេបញ្ជាការវរសេនាគោបាលការពារព្រំដែនទាំង៤ លោកមេប៉ុស្តិ៍ទាំង៦៧ ផងដែរ ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ បានអានរបាយការណ៍ បូកសរុបលទ្ធផលការងារ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាលពីកន្លងមក ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ គឺបទល្មើសផ្សេង ៗ មានការថយចុះរហូតទៅដល់៧១% ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោក លោកស្រី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងកម្លាំងនគរបាលក្រោមឱវាទ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ។

ក្នុងនោះដែរ លោកបានអំពាវដល់កម្លាំងទាំងអស់ ត្រូវគោរពច្បាប់ គោរពវិន័យ តួនាទី ភារកិច្ចឲ្យបានល្អ ពិសេសបេសកម្មការពារ ដំណើរការបោះឆ្នោតខាងមុខ ត្រូវទទួលខុសត្រូវលើការងារស្នូល និងគោរពច្បាប់ គ.ជ.ប ធ្វើយ៉ាងឲ្យពិធីនេះ ដំណើការដោយរលូនរហូតជោគជ័យ ៕

ដោយ ៖ KPN

CATEGORIES
Share This