ឯកអគ្គរដ្ឋទូត​ឡាវ ​​សោក​ស្តាយ​អំពី​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​ ​ដែល​​បណ្តាល​ឱ្យ​ប្រជាជន​កម្ពុជា​រងគ្រោះ

165

ភ្នំពេញ ​៖ ឯកអគ្គរដ្ឋទូត​ឡាវ ​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​ការ​បាក់​ទំនប់ ​វា​រី​អគ្គិសនី​ នៅ​ប្រទេស​ឡាវ ​ ដែល​បណ្តាល​ឱ្យ​ប្រជាជន​កម្ពុជា​ រងគ្រោះ​ទឹកជំនន់​ដោយសារតែ​ ឧបទ្ទវហេតុ​ នៃ​ការ​បាក់​ទំនប់​វារី​អគ្គិសនី ​នៅប្រទេស​ឡាវ ​កន្លង​ទៅនេះ​។

នេះ​គឺជា​ការលើកឡើង​របស់​ឯកឧត្តម Prasith SAYASITH ​ឯកអគ្គរដ្ឋទូត វិសាមញ្ញ​ និង​ពេញ​សមត្ថភាព ​នៃ​សាធារណរដ្ឋ ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​កម្ពុជា ​ខណៈ​ឯកឧត្តម ​ត្រូវបាន​សម្តេច​តេ​ជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម ​និង​ជំរាបលា ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី​១៧ ​ខែសីហា​នេះ ​ក្នុងពេលដែល​ឯកឧត្តម បាន​បញ្ចប់​អាណត្តិ​បេសកកម្ម​ការទូត ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ជា​ការ​ឆ្លើយតប សម្តេច​ បាន​សម្តែង​នូវ​ការ​កោតសរសើរ ​ចំពោះ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​ចូលរួម​ពង្រឹង ​និង​ពង្រីក​ចំណង​មិត្តភាព​ រវាង​កម្ពុជា ​ឡាវ​ និង​ជំរុញ​ទំហំ​សេដ្ឋកិច្ច​រវាង​ប្រទេស​ពីរ​ផង​។ សម្តេច ​ក៏បាន​សោក​ស្តាយ សំដែង​ការចូលរួម​មរណទុក្ខ ​ចំពោះ​ក្រុម​គ្រួសារ​ជនរងគ្រោះ ​ប្រជាជន​ឡាវ ដែល​បាន​ជួប​នូវ​គ្រោះ​ទឹកជំនន់​កន្លងមក​នេះ​។

សម្តេច​តេ​ជោ ​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ផងដែរ ​ចំពោះ​ឯកឧត្តម ​ប្រាសិត ដែល​បាន​អបអរ​សាទរ ​ចំពោះ​លទ្ធផល នៃ​ការបោះឆ្នោត ​និង​បាន​ចូលរួម​សង្កេតការណ៍ ​ក្នុង​ដំណើរការ​បោះឆ្នោត​កន្លង​ទៅនេះ​។​ ទន្ទឹមនេះ ​សម្តេច ​ក៏បាន​បន្ថែមថា ​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​យើង​ទាំងពីរ ​ឡាវ និង​កម្ពុជា​គឺ​មាន​ការ​កើនឡើង​ទ្វេ​រដង​ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ ទំហំ​ពាណិជ្ជកម្ម​នេះ មិនទាន់​មានការ​សម​ស្របទៅនឹង ​សក្តានុពល ​ដែល​ប្រទេស​ទាំងពីរ​មាននៅ​ឡើយ ដូច្នេះ​សម្តេច​បាន​ស្នើ​សុំ ឲ្យ​មានការ​ប្រឹងប្រែង​បន្ថែមទៀត​ ចំពោះ​កិច្ចការ​ទាំងនេះ​៕

ចំណែក