ឃាត់ខ្លួនម្ចាស់ PassAppម្នាក់ ក្រោយបង្កអោយស្រ្តីទេសចរណ៍ជនជាតិបារាំងម្នាក់ មានការភ័យខ្លាច

បាត់ដំបង ៖ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ជាម្ចាស់ PassAppម្នាក់ ក្រោយមានបំណងមិនល្អ បង្កអោយស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ ភ័យលោតចុះពីលើ PassApp បណ្តាលអោយរងរបួសបាក់ឆ្អឹងបាតដៃ និងដាច់រលាត់មុខមាត់ ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងតាមផេកហ្វេសប៊ុកផ្លូវការ របស់ខ្លួនថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះ មានឈ្មោះ ទេព ភាឡី ហៅលីញ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូ(PassApp) មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងលួចទៅលើស្រ្តីជនជាតិបារាំងម្នាក់ ។

គួរបញ្ជាក់ថា ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលែន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង បានធ្វើដំណើរពី ភ្នំពេញមកខេត្តបាត់ដំបង ក្នុងបំណងទេសចរណ៍ ដោយគាត់បានជិះរថយន្តពេលយប់ មកដល់ខេត្តបាត់ដំបង នៅម៉ោង៤ភ្លឺ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ហើយបានឡើងជិះ Pass App ខាងលើ ដោយប្រាប់អោយដឹកខ្លួនមកសណ្ឋាគារឡាក់គី ប៉ុន្តែមកដល់មុខសណ្ឋាគារហើយ ម្ចាស់ PassApp ខាងលើមិនព្រមដាក់គាត់ចុះនោះទេ ទោះបីគាត់ព្យាយាមអោយឈប់ក្តី ក៏មិនព្រមឈប់ ហើយបន្តដឹកពង្រ្វៀងគាត់ទៅកន្លែងស្ងាត់ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើ PassApp បណ្តាលអោយរបួសមុខមាត់ និងបាក់ម្រាមដៃកណ្តាលមួយផងដែរ ។

ក្រោយកើតហេតុ ស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងខាងលើ បានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ច ហើយភ្លាមនោះកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង សហការជាមួយមន្រ្តីពាក់ព័ន្ធធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានយកមកសាកសួរនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This