ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង រិះគន់ក្រុមហ៊ុនប្រមូលសម្រាមក្រុងបាត់ដំបង អាក់ខានក្នុងការប្រមូលសម្រាមតាមផ្ទះ ក្រោយពីចូលឆ្នាំត្រូវបានបញ្ចប់

បាត់ដំបង ៖ ប្រជាប្រជាពលរដ្ឋ បានរិះគន់ក្រុមហ៊ុនប្រមូលសម្រាមក្រុងបាត់ដំបង ដែលអាក់ខានក្នុងការប្រមូលសម្រាមតាមផ្ទះតាមបណ្តោយផ្លូវមាត់ស្ទឹង (ផ្លូវពេទ្យយាយជី) ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បង្កឱ្យមានក្លិនស្អុយ និងរុយរោមជាច្រើន ក្រោយពីចូលឆ្នាំត្រូវបានបញ្ចប់ ។

ប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា សម្រាមដែលនៅគរមុខផ្ទះរបស់គាត់នេះ គឺបានគរទុករង់ចាំរថយន្តប្រមូលសម្រាមជាងកន្លះខែមកហើយ តាំងពីមុនបុណ្យចូលឆ្នាំខ្មែរមកម្លេះ តាំងពីសម្រាមនៅតិច រហូតមកដល់ពេលនេះ គំនរសម្រាមកាន់តែច្រើនទៅៗ នៅតែពុំឃើញមានឡានសម្រាមមកយកនោះទេ ។ នៅពេលនេះ សម្រាមចាប់ផ្តើមរលួយហូរទឹកស្អុយជះក្លិន និងរុយច្រើនណាស់ ដែលធ្វើអោយប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋទូទៅ ។

ប្រជាពលរដ្ឋ បានសំណូមពរអោយក្រុមហ៊ុន ប្រមូលសំរាមនៅក្រុងបាត់ដំបង មេត្តាមកប្រមូលសម្រាមផង ព្រោះពេលនេះ មិនអាចទុកនៅគរយូទៀតបានទេ ។

ជុំវិញការរិះគន់នេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឱ្យដឹងថា ក្រុមម៉ៅការប្រមូលសម្រាម បានប្រមូលសម្រាមជាបណ្តើរៗហើយ ដោយគ្រាន់តែមានការយឺតយ៉ាវបន្តិច ។ លោកនឹងបន្ថែមក្រុមការងារ ប្រមូលសម្រាមនេះ ឱ្យបានច្រើនជាងនេះទៀត ដើម្បីដោះស្រាយបញ្ហាសម្រាមនេះ ឱ្យបានឆាប់រហ័ស ៕

ដោយ ៖ Pa J

CATEGORIES
Share This