សមត្ថកិច្ច បង្ក្រាបគ្រឿងញៀនឆ្លងដែនជាង៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០១ខែសីហា កន្លងមក ដឹកនាំចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

ប្រតិបត្តិការបង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម៖ ក្រុមទី១៖ នៅវេលាម៉ោង ០២និង៣០(យប់) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ ជាលទ្ធផល ឃាត់ជនសង្ស័យ ០២នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)៖ ១.ឈ្មោះ AN CHI WEI កើតឆ្នាំ ១៩៩២ និង២.ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ១៩៧៧។ ចាប់យកវត្ថុតាងរួមមាន៖ ១.សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ 789 kg 781 g ។ ២.រថយន្ត ០១គ្រឿង ទូរស័ព្ទ ០២គ្រឿង។

ក្រុមទី២ ៖ នៅវេលាម៉ោង ០៧និង៣០(ព្រឹក) ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលលេខ ០៩ និងលេខ ១១ ផ្លូវលេខ ០៣ គម្រោងទី៧ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជាលទ្ធផល ឃាត់ជនសង្ស័យ ០៤នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ៖ ១.ឈ្មោះ CHEN CHI HSIANG កើតឆ្នាំ ១៩៨៦ មេខ្លោង។ ២.ឈ្មោះ CHAN I YANG កើតឆ្នាំ ១៩៨៩។ ៣.ឈ្មោះ LIAO SHI BO កើតឆ្នាំ ១៩៩៧ ។ ៤. ឈ្មោះ TSAI YU CHING កើតឆ្នាំ ១៩៨៨។ ចាប់យកវត្ថុតាងរួមមាន៖ រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៥គ្រឿង, គណនីធនាគារ ០៨គណនី ។

សរុបលទ្ធផល៖ ១.ឃាត់ខ្លួនជនសង្ស័យ ០៦នាក់ ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) ។ ២.ចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀនប្រភេទកេតាមីន ចំនួន ៧៨៥ដុំ ស្មើទម្ងន់ ៧៨៩គ.ក្រ ៧៨១ក្រាម។ រថយន្ត ០៤គ្រឿង, ម៉ូតូ ០២គ្រឿង, ទូរស័ព្ទ ០៧គ្រឿង, គណនីធនាគារ ០៨គណនី។

បច្ចុប្បន្នជនសង្ស័យ​ ព្រមទាំងវត្ថុតាងចាប់យកខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានកសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញ​ ចាត់ការបន្តតាមនីតិវិធី ៕

CATEGORIES
Share This