ឆេះអាគារសណ្ឋាគារ អន្តរជាតិនៅប៉ោយប៉ែត បង្កការភ្ញាក់ផ្អើល មានមនុស្សខ្លះរងរបួស ដោយសាលោតពីលើអាគារ

បន្ទាយមានជ័យ ៖ ហេតុការណ៍អគ្គិភ័យមួយ បានឆាបឆេះបន្ទប់សណ្ឋាគារអន្តរជាតិ មួយកន្លែង ដែលមានកំពស់ជាង១០ជាន់ និងមានជនជាតិចិនស្នាក់នៅ ស្ថិតនៅតាមផ្លូវដើមពុទ្រា ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ នឹកស្មានថា នឹងដូចកាលឆេះអាគារកាសុីណូពីចុងឆ្នាំកន្លងទៅ តែមិនបានមួយម៉ោងផង ត្រូវបានគ្រប់គ្រងបានទាន់ពេល មិនអោយឆេះរាលដាលខ្លាំង ។

ក្រៅពីបង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋបានធ្វើអោយអ្នកស្នាក់នៅ ក្នុងសណ្ឋាគារខាងលើ ភ័យរហូតមានអ្នកខ្លះលោតទំលាក់ខ្លួន ពីលើអាគារមកក្រោម ខ្លះរត់ចេញមកក្រៅ បណ្តាលអោយរងរបួសធ្ងន់ស្រាលជាច្រើននាក់ ។

តាមការអោយដឹង ពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រលប់ថ្ងៃទី០៣ ខែសីហា ថា ក្រោយពីហេតុការណ៍កើតភ្លាម អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ព សន្តិសុខសណ្ឋាគារ ប្រជាការពារ និងពលរដ្ឋបានអន្តរាគមន៍ពន្លត់ និងសង្គ្រោះមនុស្សចេញពីអាគារ ដើម្បីកុំមានគ្រោះថ្នាក់ ។

លោកបន្តថា ចំពោះមូលហេតុ នៃការឆេះ និងការខូចខាត មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែកម្លាំងចម្រុះបានគ្រប់គ្រង់ស្ថានការណ៍ បានមិនអោយភ្លើងឆេះរាលដាលបន្តទេ ។

គួរបញ្ជាក់ថា តាមអ្នកឃើញហេតុការណ៍ខ្លះ និយាយថា មានជនរងគ្រោះ(ជនជាតិចិន)មួយចំនួន បានរងរបួស សន្លប់ និងរលាក ដោយសារបានរងការប៉ះពាល់នឹងភ្លើងនិងបានភ័យ ហើយលោតទម្លាក់ខ្លួនចុះពីបន្ទប់ខ្ពស់ៗ ធ្លាក់មកលើដំបូលអាគារ ឬផ្ទះនៅជាប់គ្នានោះ ៕

CATEGORIES
Share This