លោកតា ម៉ក់ ហុឺន ប្រាប់ពលរដ្ឋពីតំលៃនៃសន្លឹកឆ្នោតនិងកម្ពុជាអភិឌ្ឍន៍១៨០ដឺក្រេ មិនដូចការបង្កាច់បង្ខូចកម្ពុជា ពីក្រុមមួយចំនួននៅក្រៅប្រទេស
បន្ទាយមានជ័យ ៖ លោកតា ម៉ក់ ហុឺន អនិតិជនខ្មែរអាមេរិច ដែលមានប្រជាប្រិយ៍ភាពក្នុងបណ្តាញសង្គមហ្វេសបុក បានពន្យល់ពលរដ្ឋខេត្តបន្ទាយមានជ័យ ពីតំលៃនៃសន្លឹកឆ្នោត និងថាកម្ពុជាអភិវឌ្ឍន៍១៨០ដឺក្រេ ខុសពីក្រុមមួយចំនួននៅក្រៅប្រទេស ដែលតែងនិយាយអាក្រក់ពីកម្ពុជាឡើយ ។
លោកតា ម៉ក់ ហុឺន បានលើកឡើងដូចនេះក្នុងឱកាសដំណើរទស្សនៈកិច្ចនៅកម្ពុជា លើកទីពីរនិងនៅពេលចុះជួបប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត នៃទីតាំងដែលលោកធ្លាប់រស់នៅពីមុនសម័យខ្មែរក្រហម និងសម័យខ្មែរក្រហម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមដឹកនាំបញ្ហាញពីលោក អ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនខេត្តបន្ទាយមានជ័យ និងជាអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ។
លោកតា ម៉ក់ ហុឺន បានលើកឡើងទៀតថា រូបលោកនិងភរិយា រួមនិងក្រុមការងារពីអាមេរិច ជាង២០នាក់ មកកម្ពុជាជាលើកទីពីរ គឺ ដើម្បីមកបោះឆ្នោតក្នុងនាមពលរដ្ឋខ្មែរដើម្បីប្រទេសកម្ពុជារីកចំរើន និងសន្តិភាពបន្តទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ដូចនេះក្នុងនាមជាខ្មែរដូចគ្នា លោកធ្លាប់ឆ្លងកាត់ជាច្រើនជំនាន់ និងធ្លាប់រស់នៅកម្ពុជាមុន និងពេលសម័យខ្មែរក្រហម គឺ ពីមុនកម្ពុជាមានតែសង្រ្គាមមិនមានអ្វីៗដូចបច្ចុប្បន្ននេះនោះទេ គឺ កម្ពុជាមានសន្តិភាពមានការអភិវឌ្ឍ មានផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ រោងចក្រ ភ្លើងទឹកដល់តំបន់ដាច់ស្រយាល និយាយរួម គ្រាន់តែគាត់មកលើកទីមួយចុងឆ្នាំ២០២២ និងលើកទីពីរនេះមានភាពរីកចំរើនខុសគ្នាច្រើន ។
ដើម្បីអោយប្រទេសមានការរីកចំរើន ទៅមុខទៀតសូមបងប្អូនប្រជាពលរដ្ឋ កុំជឿតាមការញុះញុងរបស់ក្រុមមួយចំនួនតូចនៅក្រៅប្រទេស ដែលតែងបង្កាច់បង្ខូចកម្ពុជាប្រាប់បងប្អូននៅក្រៅប្រទេស ទាំងមិនពិត គឺបងប្អូនត្រូវដឹងដោយខ្លួនឯង ដែលរស់នៅផ្ទាល់ថាប្រទេសយើងអភិវឌ្ឍន៍អ្វីខ្លះ បងប្អូនរស់នៅដោយសុខសប្បាយមានការងារធ្វើ តើដោយសារអ្វី អញ្ចឹងត្រូវតែទៅបោះឆ្នោតជូនគណៈបក្សណាដែលនៅជិតបងប្អូន និងនៅបំរើបងប្អូននោះ ទើបសន្លឹកឆ្នោតមានតំលៃ ។
លោកតា ម៉ក់ ហុឺន ការមកទស្សនៈកិច្ចនៅកម្ពុជាជាពិសេសនៅខេត្តបន្ទាយមានជ័យ កាន់តែអោយលោកដឹងច្បាស់ ពីការអភិវឌ្ឍនៅកម្ពុជា និងតំលៃនៃសន្តិភាព ដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន ៕