អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ សំណេះសំណាល  និងពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិទាំង១៣ភូមិ  សង្កាត់ប៉ៃលិន  ក្រុងប៉ៃលិន

ប៉ៃលិន ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធសាស្ត្រផ្ទេរអំណាចទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងគោលនយោបាយស្តីពីកំណែទម្រង់វិមជ្ឈការ-និងវិសហមជ្ឈការ គណៈអភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានចុះសំណេះសំណាល  សួរសុខទុក្ខដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំង១៣  នៅក្នុងសង្កាត់ ប៉ៃលិន  ក្រុងប៉ៃលិន  ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានពាំនាំការសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាទាំងអស់។ លោកជំទាវ មានប្រសាសន៍ថា សម្ដេចទាំងទ្វេ តែងតែគិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង តែងរស់នៅរួមសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវការថែរក្សា សុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម ជូនបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្ដែង ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត មានការអភិវឌ្ឍរីកចម្រើននៅគ្រប់ទីកន្លែង តាំងពីទីប្រជុំជន រហូតដល់ទីជនបទដាច់ស្រយាល។

បន្ថែមលើនេះ លោកជំទាវ បាន ស្រីមុំ ក៏បានណែនាំ ផ្តាំផ្ញើដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យបានពីរស្ថានភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ នឹងត្រូវធ្វើរបាយការណ៍ឱ្យបានទៀងទាត់ ច្បាស់លាស់ មកកាន់ថ្នាក់លើរបស់ខ្លួន។ បញ្ហាដែលលោកមេភូមិ អនុភូមិ និងសមាជិកភូមិទាំងអស់ត្រូវយកចិត្តទុកដាក់នោះគឺ៖ ទី១.ស្ដាប់ឱ្យបានពីរចំនួនប្រជាពលរដ្ឋ ដែលធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ទី២.ស្ដាប់ឱ្យបានពីរចំនួនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដនៅក្នុងភូមិ ដើម្បីធ្វើការផ្ដល់ជំនួយឧបត្ថម្ភដល់ពួកគាត់។ ទី៣.ក្តាប់ឱ្យបានពីរចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត និងជំរុញណែនាំឱ្យពួកគាត់ត្រៀមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា។ ទី៤. ចូលរួមឱ្យបានសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ការទប់ស្កាត់ការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ការចូលរួមអនុវត្តច្បាប់ចរាចរណ៍ឱ្យបានល្អប្រសើរ អប់រំណែនាំកូនចៅឱ្យប្រព្រឹត្តនូវអំពើល្អ កុំឱ្យមានក្មេងទំនើងជាដើម៕

CATEGORIES
Share This