ចិននិងកោះតៃវ៉ាន់ កំពុងមានភាពតានតឹង អាមេរិកបើកនាវាផ្ទុកយន្តហោះចូលសមុទ្រចិនខាងត្បូង
អាមេរិក៖ នាវាផ្ទុកយន្តហោះអាមេរិកកាលពីថ្ងៃអាទិត្យបានចូលសមុទ្រចិនខាងត្បូង ដើម្បីចាប់ផ្តើមប្រតិបត្តិការស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងកោះតៃវ៉ាន់។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹក បានឱ្យដឹងថា ក្រុមនាវាផ្ទុកយន្តហោះ ចម្បាំងរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក Carl Vinson និង Abraham Lincoln នឹងចូលរួមក្នុងប្រតិបត្តិការដែលមានគោលបំណងពង្រឹងប្រតិបត្តិការ រួមបញ្ចូលគ្នានៅសមុទ្រ និងការត្រៀមខ្លួនប្រយុទ្ធ។
ឧត្តមនាវីអាមេរិកលោក Dan Martin មេបញ្ជាការក្រុមនាវាពិឃាតដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Carl Vinson បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា សមត្ថភាពរបស់យើងក្នុងការប្រមូលផ្តុំ និងធ្វើការជាសមូហភាពយ៉ាងឆាប់រហ័សជាមួយនឹងក្រុមនាវាពិឃាត CSG 3 បង្ហាញពីសមត្ថភាពរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ក្នុងការបញ្ជូនកម្លាំងដែនសមុទ្រដ៏ច្រើនលើសលប់នៅពេលដែលត្រូវបានអំពាវនាវ ឱ្យគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
មេបញ្ជាការកងទ័ពរំដោះប្រជាជនចិនទទួលបន្ទុកភាគខាងត្បូង បាននិយាយថា ខ្លួនបានព្រមាននាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីប្រកាសពីកងទ័ពជើងទឹកបានកើតឡើង ចំថ្ងៃដែលកោះតៃវ៉ាន់បានរាយការណ៍ពីយន្តហោះចិនចំនួន ៣៩គ្រឿង, យន្តហោះចម្បាំង ៣៤គ្រឿង, យន្តហោះចម្បាំងអេឡិចត្រូនិកចំនួន ៤គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក ១គ្រឿងហោះហើរនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន ដែលជាការលុកលុយដ៏ធំបំផុតរបស់កងកម្លាំងអាកាសរបស់ចិន នៅក្នុងតំបន់នោះចាប់តាំងពីខែតុលា៕