លោក ជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ទូទាំងខេត្តប៉ៃលិន
ប៉ៃលិន ៖ លោក ជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ចំនួន ៥១១នាក់ នៅក្នុងខេត្តប៉ៃលិន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង ជាបណ្តាញសង្គម ផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងការអនុវត្តភូមិ-ឃុំ មានសុវត្ថិភាព រវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ព្រមទាំងផ្សព្វផ្សាយអំពីការអភិវឌ្ឍនានា នៅក្នុងខេត្តប៉ៃលិន និងទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោក ជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេច តែងតែមានការអាណិតស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាក ខ្វះ ខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ជាក់ស្តែងនាពេលកន្លងមក ក្នុងអំឡុងពេល នៃទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ក្នុងគោល បំណង ជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាលនេះ មានគោលបំណង ដើម្បី ចង់ដឹងពីសុខទុក្ខរបស់ បងប្អូនជាអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី ដែលមិនសូវបាននៅផ្ទះ ជាប់រវល់ ក្នុងការប្រកបការងារ ដោះស្រាយជីវភាពគ្រួសារ និងចង់ផ្សារភ្ជាប់ទំនាក់ទំនងជាបណ្តាញសង្គម ពីព្រោះបងប្អូន គឺជាភ្នាក់សន្តិសុខដ៏សំខាន់ ក្នុងកាចូលរួមផ្តល់ព័ត៌មានទាំងឡាយណា ដើម្បីធានានូវសុវត្ថិភាព និងសន្តិសុខសង្គមក្នុងមូលដ្ឋាន ជាពិសេសការចូលរួមដ៏ សកម្មរបស់បងប្អូនពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។
ជាមួយគ្នានេះ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រកបរបររត់ម៉ូតូឌុប និងម៉ូតូកង់បី ទាំងអស់ ត្រូវចេះស្រលាញ់រាប់អានគ្នា ដូចក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគ យល់អធ្យាស្រ័យគ្នា ពិសេសត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ធ្វើជាបណ្ដាញដ៏ល្អ ក្នុងការក្ដាប់មុខសញ្ញា ចោរកម្ម គ្រឿងញៀន បទល្មើស និងហេតុការណ៍ផ្សេងៗ ដើម្បីចាត់វិធានការណ៍ឲ្យបានទាន់ពេលវេលា ជាពិសេស ត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលជាការ បោះឆ្នោត ដើម្បីធានាកំណត់តួនាទីជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិកម្ពុជា យូរ អង្វែង បន្តទៅទៀត លើមាគ៌ាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់មនុស្សគ្រប់ជំនាន់ ៕