សប្បុរសជនបន្ត ឧបត្ថម្ភថវិកាជូនសាខាកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា៨ ឧសភា ២០២៣
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានទទួលជួបសវនាការ និងទទួលថវិកា ពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីរាជការ សប្បុរសជនតំណាងអោយមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកសរុបចំនួន ១៣ ដែលបានឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម» ។
ស្ថិតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាបន្តបន្ទាប់រហូតមកគិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សាខាខេត្តបានទទួលថវិកាពីសប្បុរសជនចំនួន ១៥២រូប/អង្គភាព /ដែលសរុប ២៩៤,៣៨៤.៧០០រៀល/ ៤៥,៥៨៣ដុល្លារ និង ១៦,៥០០បាតផងដែរ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធាន បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបង ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត និងសកម្មភាពជាច្រើនទៀតរបស់កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលា និងស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែងសម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល ” ។
ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះសាខាខេត្ត អនុសាខាក្រុងស្រុកបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតសរុប ១,៦២៩គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១,០៧២គ្រួសារ ក្នុងក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបងផងដែរ ៕