ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់១២០គ្រួសារ នៅស្រុកភ្នំព្រឹក ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម សុខ លូ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១២០គ្រួសារ មកពី១១ភូមិ ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរបំផុត ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយ គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត និងបានសំដែងនូវការសោកស្ដាយ ជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនាអ្វីឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ជួយសម្រាលទុក្ខលំបាកបានទាន់ពេលវេលានិងស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នាដោយមិនទុកនរណាម្នាក់ចោល ” ។
ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ និង ការចំណាក់ស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍បង្រ្កាបបានទាន់ពេលវេលា ហើយចំពោះបញ្ហាគ្រោះថ្នាក់ចរាចរ នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ដូច្នេះសូមប្រជាពលរដ្ឋចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅទីជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្តដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ។ និងអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីរក្សារបាននូវសន្តិភាព និងអំពាវនាវប្រជាពលរដ្ឋទូទៅសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈពេលដែលក្រសួងធនធានទឹកនិងឧតុនិយមតែងតែជូនដំណឹងជាបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះធម្មជាតិនេះផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ -អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស,ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុងចំនួន១៦គ្រួសារ បានបន្ថែមសំពត់តង់១ និងឃីត១កញ្ចប់(និង ភួយ ក្រមា សារុង)ផងដែរ ៕
ដោយ ៖ សាលី