នៅតែមានបទល្មើសព្រៃឈើ និងមិនទាន់មានវិធានការ ចំពោះអ្នកនៅពីក្រោយ ការកាប់ទន្រ្ទានដីព្រៃ នៅឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ខណៈរដ្ឋាភិបាលកំពុងចាត់វិធានការក្តៅ

ពោធិ៍សាត់ ៖ ទោះបីជាប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងចាត់វិធានការក្តៅ ដល់អាជ្ញាធរសមត្ថកិច្ច តាមបណ្តាខេត្តបង្រ្កាបឲ្យបាន អ្នកនៅពីក្រោយខ្នង នៃការកាប់ទន្រ្ទានដីរដ្ឋធ្វើកម្មសិទ្ធិ  ស្រាប់តែនៅខេត្តពោធិ៍សាត់ ជនប្រព្រឹត្តល្មើសហាក់មិនខ្លាចរអា និងវិធានការនេះសោះ ដោយនៅតែមានការកាប់បំផ្លាញព្រៃឈើ ដឹកតាមរទេះក្របី ចេញតាមទីតាំដីដែលគេបានកាប់រានដីព្រៃ ជាង ៤០ហិចតា ស្ថិតនៅចំណុចល្អាងម្នាស់ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សកម្មភាពដឹកជញ្ជូនឈើទាំងនេះ ត្រូវបានឃើញជាក់ស្តែងកាលពីព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ខណៈក្រុមអង្គភាពសារព័ត៌មានយើង បានចុះទៅដល់ទីតាំងនោះ ហើយក៏បានជួបរទេះក្របី ដឹកជញ្ជូនផលអនុផលព្រៃឈើ នៅចំណុចអំពុះរាំង ចំនួន៥រទេះ ក្នុងពេលវេលានោះផងដែរ កម្លាំងស្នាក់ការឧទ្យានជាតិ ជួបភ្នំក្រវាញ បានទៅដល់កន្លែងហើយ នាំយកវត្ថុតាងរទេះក្របី និងឈើ ចំនួន០៥រទេះ យកទៅរក្សាទុកនៅស្នាក់ការ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។

ជុំវិញការកាប់រានដីព្រៃ ទីតាំងខាងលើកន្លងមក និងបទល្មើសជាក់ស្តែងលោក ប៉ុក សាវុធ ប្រធានស្នាក់ការឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា ដីព្រៃដែលកាប់ទន្ទ្រាននៅចំណុចល្អាងម្នាស់នោះ កាលពីប៉ុន្មានថ្ងៃមុន លោកបានដឹកនាំកម្លាំងចុះទៅកាប់ដើមចេក ដែលបុគ្គលរុកទន្ទ្រាន បានដាំចំនួន១៤៥ដើម ម្ដងរួចមកហើយបើ ។ តែចំពោះអ្នកនៅពីក្រោយ ក្នុងការឲ្យគេចូលកាប់រានព្រៃមានឈ្មោះ តា លី រស់នៅក្នុងភូមិវាលឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាអ្នកជួលប្រជាពលរដ្ឋ ទៅកាប់ព្រៃនៅទីនោះឲ្យខ្លួនមិនទាន់ឃើញអាជ្ញាធរ ចាត់វិធានការឡើយ ។

លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានប្រាប់មកអង្គភាពសារព័ត៌មានយើងថា បើលោកវែករកបុគ្គលដែលពាក់ព័ន្ធឃើញ លោកនឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង មិនថាមានលុយ មានអំណាច ឬក៏ពាក់ព័ន្ធនឹងមន្ត្រីរបស់លោក ។

មហាជននៅក្នុងតំបន់ កំពុងរង់ចាំមើលអាជ្ញាធរ និងសមត្ថកិច្ច មានវិធានការបែបណា ចំពោះអ្នកនៅពីក្រោយខ្នង នៃការកាប់ទន្រ្ទានដីរព្រៃ ទៅតាមអនុសាសន៍របស់សម្ដេច ៕ ដោយ ៖ សំណាង 

CATEGORIES
Share This