លោក សុខ ភា ៖ ដាក់មន្ត្រីមកឱ្យធ្វើការដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ មិនមែនដាក់មកឱ្យធ្វើមេ ហើយជាន់គេជាន់ឯងនោះឡើយ

កំពង់ស្ពឺ ៖ លោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានក្រើនរំលឹកដល់រដ្ឋបាលស្រុកឱរ៉ាល់ ឱ្យខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើងឬបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយដែលនាំឱ្យឈានទៅរកការថ្នាំងថ្នាក់ចិត្តរវាងពលរដ្ឋជាមួយនិងថ្នាក់ដឹកនាំឡើយ ។

ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ចូលកាន់តំណែងអភិបាលរងនៃសាលាស្រុកឱរ៉ាល់នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។

លោក សុខ ភា លើកឡើងថា មន្ត្រីសាធារណៈ គឺជា អ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយនៃរាស្រ្តនោះទេ និយាយរួមធ្វើជាមន្ត្រីកុំតាំងខ្លួនជាមេ ត្រូវតាំងខ្លួនជាខ្ញុំបម្រើរាស្រ្ត ដោយគ្មានលក្ខខណ្ឌ។មួយវិញទៀតកុំអាងខ្លួនមានខ្សែ មានខ្នងមិនបម្រើរាស្ត្រឱ្យសោះ ព្រោះរាស្ត្រប្រៀបដូចជាឬសកែវនិងសំបកដែលហ៊ុំព័ទ្ធឈើមួយដើមឱ្យរស់ធំធាត់និងទប់ទល់ជាមួយខ្យល់បក់បោកបានយ៉ាងរឹងមាំបំផុត។

លោកអភិបាលរងខេត្តបន្តថាការតាំងខ្លួនអញនិយមដោយសារតែមានខ្សែហើយមិនយកផលប្រយោជន៍រាស្ត្រដាក់ក្នុងបេះដូង ហើយធ្វើអ្វីស្រេចតែចិត្តនោះ មិនមែនជាគោលបំណងរបស់ថ្នាក់ដឹកនាំនោះទេ ហើយក៏មិនបណ្តែតបណ្តោយឱ្យបន្តដឹកនាំទៀតដែរ ។ ថ្នាក់ដឹកនាំទទួលយកតែមន្ត្រីរូបណាដែលធ្វើការងារគិតគូដល់ប្រយោជន៍ជាតិ ប្រយោជន៍រាស្ត្រជាធំ មិនទទួលយកមន្ត្រីរូបណាដែលអួតអាងខ្សែហ៎នោះទេ ។ ដាក់មន្ត្រីមកឱ្យធ្វើការដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ មិនមែនដាក់មកឱ្យធ្វើមេហើយជាន់គេជាន់ឯងនោះឡើយ ត្រូវអោបក្រសោបគ្នាធ្វើការដើម្បីភាពរីកចម្រើនក្នុងអង្គភាព ៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This