មនុស្ស៨នាក់ស្លាប់ និងរាប់សិបនាក់រងរបួសក្នុងហេតុការណ៍សម្រុកចូលកីឡដ្ឋានទស្សនាបាល់ទាត់នៅអាហ្វ្រិក
បាល់ទាត់៖ មនុស្ស ៨នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅខាងក្រៅកីឡដ្ឋាន ដែលរៀបចំការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations នៅទឹកដីកាមេរូន។
ខ្សែវីដេអូបង្ហាញថា អ្នកគាំទ្រកីឡាបាល់ទាត់ពិបាកចូលទៅកាន់កីឡដ្ឋាន Paul Biya ក្នុងសង្កាត់មួយនៃរដ្ឋធានី Yaounde។
សារព័ត៌មាន AP បាននិយាយថា លោក Naseri Paul Biya អភិបាលនៃតំបន់កណ្តាលរបស់ប្រទេស Cameroon បាននិយាយថា ប្រហែលជាមានអ្នកស្លាប់ និងរបួសច្រើនជាងនេះ ហើយរបាយការណ៍មួយទៀតបាននិយាយថា កុមារមួយចំនួនបានបាត់បង់ស្មារតី។
កីឡដ្ឋានមានសមត្ថភាពផ្ទុក ៦ម៉ឺននាក់ ប៉ុន្តែដោយសារតែការរឹតបន្តឹងផ្នែកសុខាភិបាលទប់ស្កាត់ Covid-19 នោះកីឡដ្ឋានមួយអនុញ្ញាតឱ្យចូលទស្សនាត្រឹម ៨០% ប៉ុណ្ណោះ។
សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក CAF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងស៊ើបអង្កេតស្ថានភាព និងព្យាយាមដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែមទៀត អំពីអ្វីដែលបានកើតឡើង។
ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរវាងកាមេរូន និងកោះកូម៉ូរ៉ូសនៅតែបន្តដោយម្ចាស់ផ្ទះកាមេរូនយកឈ្នះ ២–១ ឡើងវគ្គ ៨ក្រុមចុងក្រោយ៕