ឈើ​ខុសច្បាប់​​៣​កុងតឺន័រ​ ឈ្មួញ​រត់​ពន្ធ​ឆ្លងដែន​ទៅ​វៀតណាម​ ​ត្រូវ​បាន​បង្ក្រាប

379

កំពត​ ៖ ឈើ​ប្រណិត​ខុសច្បាប់ ប្រមាណ​៣​ទូ​កុងតឺន័រ​ ​បម្រុង​លោតឆ័ត្រ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ​​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ ចំរុះ​​បង្ក្រាប​​បាន​ទាន់​ពេលវេលា​។​ ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើឡើង​នៅ​ម៉ោង​១០​យប់​ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ​នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ផែ​ព្រែក​ត្នោត ខេត្តកំពត។

ករណី រត់ពន្ធ​ឈើ​ខុសច្បាប់​នេះ ​​សមត្ថកិច្ច​បានបញ្ជាក់​នៅថ្ងៃទី​១៨ ខែកក្កដានេះ ថា ​ឈ្មួញ​ឆ្លៀតឱកាស​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ដោយ​ប្រើ​ទូក​យន្ត​ធ្វើជា​មធ្យោបាយ ​ដឹក​ឈើ​ប្រណិត​ខុសច្បាប់ ប្រមាណ​៣​ទូ​កុងតឺន័រ​ ដែលមាន​ផ្ទុក​ឈើ​៥៣​ដុំ​ធំៗ​ បម្រុង​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម ត្រូវបាន​កម្លាំង​ការិយាល័យ​នាវា ចរ ​គយ​ សហកា​ជាមួយ​ស​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បង្ក្រាប​បាន​ នៅ​ចម្ងាយ​៣​គីឡូម៉ែត្រ​ពី​ផែ​ព្រែក​ត្នោត ខេត្តកំពត បាន​ទាន់ពេលវេលា​។

មន្ត្រី​ដដែល​ បន្តថា ការបង្ក្រាប​នេះ ​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ​ និង​បង្ក្រាប​បទល្មើស​ នៃ​អគ្គនាយកដ្ឋាន​គយ ទើប​លោក ​ឯម ណា​រិ​ទ្ធ ប្រធាន​ការិយាល័យ​នាវាចរ​គយ ​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​កង​រាង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ ចុះ​ត្រង់​ចំណុច​ភូមិសាស្ត្រ​ខាងលើ​ ក៏​ប្រទះឃើញ​ទូក​យន្ត​ឈើ​មួយគ្រឿង ​កំពុង​លិច​នៅក្នុង​ផ្ទៃ​ទឹក​ ដែល​មាន​ជម្រៅ​ប្រហែល​បី​ម៉ែត្រ ​ទើប​កម្លាំង​សមត្ថកិច្ច ចុះ​ឆែកឆេរ​ ប៉ុន្ដែ​ពុំ​ឃើញ​មាន​នរណាម្នាក់​នៅ​លើ​ទូក​នោះឡើយ ​ឃើញតែ​ទូ​កុង​តឺ​ទ័​រ​ចំនួន​បី​គត់ ​បន្សល់ទុក​ក្នុង​ទូក​នោះ​។

បច្ចុប្បន្ន​ទូ​កុងតឺន័រ​ផ្ទុក​ឈើ​ទាំងនោះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ស្ទូច​យក​មក​រក្សាទុក​នៅ​កន្លែង​ឈរជើង ​បណ្ដោះអាសន្ន​របស់​ការិយាល័យ​នាវាចរ​គយ​ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​មក​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​ដើម្បី​រង់ចាំ​ការសម្រេច​ពី​លោក​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​៕

ចំណែក