ដាច់លុយចាយ ទៅវាយប្លន់យកម៉ូតូគេ ត្រូវអាវុធហត្ថចាប់បញ្ជូនទៅតុលាការ

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ព្រោះតែដាច់លុយចាយ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូអ្នកដទៃ ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបញ្ជូនទៅតុលាការ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ សុខា បញ្ញា បច្ចុប្បន្ន រស់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណី លួចមានស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា កាលពីវេលាម៉ោង០៣ និង៣០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចស្រះត្រជាក់ចិត្ត ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ វ៉ា ពេញអាន ភេទប្រុស អាយុ២៨ឆ្នាំ បានធ្វើសកម្មភាពសុំម៉ូតូជនរងគ្រោះឈ្មោះ សុខា បញ្ញា ជិះជាមួយ លុះពេលពេលជិះមកដល់កន្លែងស្ងាត់ ជនសង្ស័យបានប្រើហិង្សាវាយទៅលើជនរងគ្រោះចំនួន០២ដៃ ចំផ្ទៃមុខ ហើយធ្វើសកម្មភាពយកម៉ូតូជិះគេចខ្លួនបាត់ ។

លោកបន្តថា ក្រាយពីទទួលបានពាក្យបណ្ដឹង លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង១០និង០០នាទី ថ្ងៃដដែល បានឃាត់ខ្លួនជនសង្ស័យ និងដកហូតម៉ូតូដែលជនសង្ស័យវាយយកពីជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ ប.មានជ័យ 1X-8310 នៅចំណុចកាស៊ីណូ សែនផាលែស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី ។

ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះចំនួន០២ដៃ ហើយយកម៉ូតូជិះគេចខ្លួនបម្រុងយកទៅលក់ ឬបញ្ចាំពិតប្រាកដមែន ដោយសាខ្លួនគ្មានលុយសម្រាប់ចាយវាយ ។

យោងតាមពាក្យបណ្ដឹង និងចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនជាបន្តបន្ទាប់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

CATEGORIES
Share This