Connect with us

ព័ត៌មានជាតិ

លោក ជំទាវ បាន ស្រីមុំ ចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់ និងការកសាងស្តង់ពិពរណ៌ និងសំណង់នានា សំរាប់រៀបចំកម្មវិធីសង្រ្កាន្តប៉ៃលិន

ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានអញ្ជើញចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ និងការកសាងស្តង់ពិពរណ៌ និងសំណង់នានាជាច្រើនទៀត នៅបរិវេណ វិមានឯករាជ្យ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តប៉ៃលិន សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនដើម្បីអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកជំទាវ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការរៀបចំកម្មវិធីសង្ក្រាន្តប៉ៃលិន សំរាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងផ្តល់ឱកាស ដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ បានស្វែងយល់នូវភាព សម្បូរបែប នៃវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ ប្រពៃណី និង សាសនារបស់ ព្រះរាជាណាចក្រកម្ពុជាយើង ព្រមទាំងបន្តពង្រីកកិត្យានុភាព របស់ជាតិខ្មែរនៅ លើឆាក អន្តរជាតិផងដែរ។ សង្រ្កានប៉ៃលិន ក៏រួមចំណែកក្នុងការបំផុសគំនិត ស្មារតីយុវជនប្រជាជនឱ្យចេះរួម កម្លាំងគ្នា សាមគ្គីគ្នាជាធ្លុងមួយ ជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពជាតិខ្មែរ និង ស្មារតីអភិរក្ស អភិវឌ្ឍន៍ វប្បធម៌ជាតិ អត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្ស រីកចំរើនទៅមុខទៀត។

លោកជំទាវ បានបន្តថា៖ សង្ក្រាន្តប៉ៃលិន ឆ្នាំ២០២២នេះ នឹងធ្វើឡើងចំនួន ២ទីតាំង ទី១- នៅបរិវេណ វិមានឯករាជ្យ មុខសាលាខេត្ត និងទី២-ស្ថិតនៅបរិវេណ ទឹកធ្លាក់ ភ្នំ ខៀវ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ដោយមានការដាក់តាំងបង្ហាញនូវផលិតផល ដែលជាស្នាដៃរបស់ប្រជាពលរដ្ឋខេត្តប៉ៃលិន និងការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីរាំលេងកំសាន្ត ដើម្បីអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអោយមកលេងកំសាន្តសប្បាយរីករាយក្នុងខេត្តប៉ៃលិន។

សូមបញ្ជាក់ថា៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រៅពីការធ្វើសង្ក្រាន្តប៉ៃលិនឆ្នាំថ្មី ខេត្តប៉ៃលិនក៍នៅមានតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនទៀត គឺរម្មណីយ៍ដ្ឋានធម្មជាតិចំនួន ៣ រម្មណីយ៍ដ្ឋានកែច្នៃរ ចំនួន ២ កីឡាទេសចរណ៍ ចំនួន ១៦ សណ្ឋាគារ ចំនួន១១ ផ្ទះសំណាក់ ចំនួន១៩ និងអាហារដ្ឋាន ចំនួន៥៩ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកស្នាក់នៅ និងលេងកំសាន្ត៕